វិចិត្រសាលមួយនៅខេត្តបាត់ដំបង ដាក់បង្ហាញរូបភាពសម្រាប់អ្នកទេសចរដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រសង្គ្រាមកម្ពុជា
បាត់ដំបង៖វិចិត្រសាល ជាទូទៅជាកន្លែងដែលតាំងបង្ហាញពីរូបគំនូរសិល្បៈ រូបចម្លាក់ ភាពយន្ត ឬសិល្បៈបែបសហសម័យ ប៉ុន្តែមានវិចិត្រសាលមួយនៅក្នុងខេត្តបាត់ដំបង ដែលបង្កើតឡើងក្នុងគោលបំណងពិសេស គឺដើម្បីលើកកម្ពស់ការយល់ដឹងជាវិជ្ជមានពីប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប និងការឆ្លុះបញ្ចាំងឱ្យកាន់តែស៊ីជម្រៅលើមូលហេតុនៃជម្លោះដ៏ស្មុគស្មាញពីអតីតកាល។

ស្ថិតនៅតាមផ្លូវទៅកាន់រមណីយដ្ឋានប្រាសាទបាណន់ ក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វិចិត្រសាលពិព័រណ៍សន្តិភាពកម្ពុជា មានដាក់តាំងបង្ហាញនូវរូបថត ពីដំណើរនៃប្រវត្តិសង្រ្គាម និងការកសាងសន្តិភាពកម្ពុជាឡើងវិញ សម្រាប់អ្នកទេសចរ និងសិស្សានុសិស្សក្នុងតំបន់សិក្សាស្វែងយល់។

បើតាមលោក Casper Gils ដែលជានាយកវិចិត្រសាល បានឱ្យដឹងថាវិចិត្រសាលសន្តិភាពកម្ពុជា (CPG) ជាអង្គការឯករាជ្យវ័យក្មេងដែលត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨។ លោកបានប្រាប់ថា យើងផ្តល់ជូននូវកម្មវិធីអប់រំជាច្រើន និងដំណើរទេសចរណែនាំ ដើម្បីនាំភ្ញៀវរបស់យើងទាំងក្នុងស្រុក និងក្រៅស្រុក ភាគច្រើនជានិស្សិតវ័យក្មេង
ឱ្យយល់ដឹងកាន់តែស៊ីជម្រៅក្នុងការកសាងសន្តិភាព និងការផ្សះផ្សានៅកម្ពុជា បន្ទាប់ពីជម្លោះអស់រយៈពេលបីទសវត្សរ៍។
លោក Casper បន្តថា ៖ «យើងមានពិព័រណ៍ចំនួនប្រាំបួន ដែលបែងចែកជាអគារសំខាន់ៗចំនួនបី ដែលបង្ហាញពីប្រភេទផ្សេងគ្នានៃការងារសន្តិភាពនៅកម្ពុជា ការបញ្ចប់សង្រ្គាមនៅកម្ពុជា (ការចរចាសន្តិភាព និងការបញ្ចប់សង្រ្គាម), ក្រោយជម្លោះងើបឡើងវិញ (ការដោះស្រាយអាវុធ និងគ្រាប់មីន កសាងប្រទេសឡើងវិញ), ការផ្សះផ្សា និងការព្យាបាល (ជួសជុលការខូចខាតសង្គម និងខាងវិញ្ញាណនៃសង្គ្រាម)»។
លោកបន្តថា វិចិត្រសាលមួយនេះគឺបើកចំហឱ្យចូលទស្សនា ដោយសេរី និងទទួលស្វាគមន៍មនុស្សគ្រប់រូបដែលមានបំណងចង់សិក្សា រៀនសូត្រ។
លោក Casper Gils បញ្ជាក់ថា ៖ «កន្លែងរបស់យើង សម្រាប់មនុស្សគ្រប់ៗគ្នា ដូច្នេះ យើងទទួលស្វាគមន៍មនុស្សគ្រប់រូប ធ្វើដំណើរមកកាន់វិចិត្រសាលរបស់យើងដើម្បីធ្វើការសិក្សារៀនសូត្រ និងស្វែងយល់ ហើយកន្លែងរបស់យើងគឺបើកទូលាយ ដោយគ្មានការរើសអើង ឬការវិនិច្ឆ័យណាមួយឡើយ យើងធ្វើដោយចិត្តសប្បុរស ជាមួយការផ្តល់ជូននូវបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅ»។ បន្ថែមពីលើនេះ លោក Casper បន្តថា វិចិត្រសាលក៏មានការយកចិត្តទុកដាក់ ឬផ្តោតជាពិសេសទៅលើនិស្សិ
តវ័យក្មេង ដែលជាអ្នកបន្តវេន ដើម្បីបង្កើតអនាគតដ៏វិជ្ជមាន និងសន្តិភាព។
លោក Casper បានឱ្យដឹងទៀតថា វិចិត្រសាលក៏មានកម្មវិធីមួយហៅថា កាហ្វេសន្តិភាព ដែលតែងប្រារព្ធម្តងក្នុងមួយខែ ដោយមានការអញ្ចើយវាគ្មិនមកចែករំលែករឿងរ៉ាវផ្សេងៗ ដែលប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេស អាស្រ័យទៅលើអ្នកចូលរួម ក្នុងករណីដែលមានជនបរទេសចូលរួម៕ ដោយៈកែវ បុស្បា