ជ័យជម្នះដ៏ធំសម្រាប់ការឃោសនា៖ ទីក តុក អនុវត្តមិនជាប់លាប់លើគោលការណ៍ដាក់កំណត់សម្គាល់ លើគណនីដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋរុស្ស៊ី
អាមេរិក៖បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកម្មវិធីទីកតុក (TikTok) បានចាប់ផ្ដើមដាក់កំណត់សម្គាល់លើគណនីប្រើប្រាស់ ដែលដំណើរការដោយភ្នាក់ងារឃោសនារបស់រដ្ឋរុស្ស៊ី ដើម្បីជាមធ្យោបាយមួយក្នុងការប្រាប់អ្នកប្រើប្រាស់ថា ពួកគេកំពុងមើលព័ត៌មានមិនពិតរបស់វិមានក្រឹមឡាំង។ មួយឆ្នាំក្រោយមក ការវិភាគមួយបានបង្ហាញថា គោលការណ៍របស់ទីកតុកមួយនេះ មិនត្រូវបានអនុវត្តឱ្យជាប់លាប់នោះទេដោយថា ទីកតុក ថែមទាំងមិនអើពើនឹងគណនីរាប់សិបដែលមានអ្នកតាមដាន
រហូតដល់រាប់លាននាក់ទៀតផង។ ម្យ៉ាងវិញទៀត ការដាក់កំណត់សម្គាល់របស់ទីកតុក ក៏មានផលប៉ះពាល់តិចតួចលើសមត្ថភាពរបស់រុស្ស៊ីក្នុងការប្រើយុទ្ធសាស្រ្តឃោសនា ដើម្បីបង្ហាញពីឥទ្ធិពលលើការយល់ដឹងជាវិជ្ជមានរបស់អ្នកប្រើប្រាស់ពីរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
ក្រុមអ្នកស្រាវជ្រាវនៅអង្គការសម្ព័ន្ធដើម្បីធានាលទ្ធិប្រជាធិបតេយ្យ (ASD) ដែលដំណើរការដោយមូលនិធិម៉ាស្ហ៊ល (Marshall) អាល្លឺម៉ង់ នៃសហរដ្ឋអាមេរិក ដែលសិក្សាពីព័ត៌មានមិនពិតនៃប្រទេសផ្ដាច់ការ បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយកំណត់អត្តសញ្ញាណនៃគណនីទីកតុកជិត ៨០ ដែលដំណើរការដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ដូចជា RT ឬ Sputnik ឬដោយបុគ្គលដែលមានទំនាក់ទំនងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
របាយការណ៍នោះបានបង្ហាញថា ច្រើនជាង ១ភាគ៣ នៃគណនីទាំងនោះ មិនមានកំណត់សម្គាល់ថាដំណើរការដោយភ្នាក់ងារឃោសនារដ្ឋរុស្ស៊ីនោះទេទោះបីជា ទីកតុក បានចេញគោលការណ៍ដាក់ការកំណត់សម្គាល់រយៈពេលមួយឆ្នាំហើយក៏ដោយ។
ជាធម្មតា កំណត់សម្គាល់ដែលទីកតុកដាក់ លោតចេញនៅពីក្រោមឈ្មោះគណនី ដោយមានសរសេរថា «ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរុស្ស៊ី»។ ប្រសិនបើអ្នកប្រើប្រាស់ចុចលើកំណត់សម្គាល់នោះ គេនឹងឃើញមានព័ត៌មានបន្ថែម រួមទាំងការពិពណ៌នាថា «រដ្ឋាភិបាល (រុស្ស៊ី)មានការគ្រប់គ្រងលើមាតិការបស់គណនី»។ តាមការវិភាគក្នុងរបាយការណ៍ដដែល គណនីទាំងនោះបានផ្សព្វផ្សាយមាតិកាឃោសនាដែលបម្រើឱ្យការគាំទ្ររុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន រួមទាំងមាតិកាផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ័ន្តពី
សហរដ្ឋអាមេរិក និងសម្ព័ន្ធអន្តរជាតិដែលប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានរុស្ស៊ី។
អ្នកស្រាវជ្រាវនៅ ASD លោក Joe Bodnar បាននិយាយថា ការមិនដាក់កំណត់សម្គាល់លើគណនីដំណើរការដោយភ្នាក់ងារឃោសនារបស់រដ្ឋរុស្ស៊ី «គឺជាជ័យជម្នះដ៏ធំមួយសម្រាប់ការឃោសនារបស់រុស្ស៊ី ដែលពួកគេអាចបញ្ជូនព័ត៌មានដល់អ្នកប្រើប្រាស់ដែលមានទំហំធំនៅលើទីកតុក»។ លោកបន្តថា ៖ «ទីកតុក មិនយកចិត្តទុកដាក់ខ្លាំងដូចវេទិកាផ្សេងទៀតនោះទេ»។ សូមបញ្ជាក់ថា របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវ ASD ត្រូវបានចេញផ្សាយឡើងនៅខណៈដែលកម្មវិធីទីកតុក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ប្រឈមមុខនឹងសំណួរពីក្រុងវ៉ាស៊ីនតោន និងក៏ដូចជាពីបណ្ដាប្រទេសលោកខាងលិច ពីទំនាក់ទំនងរបស់
ក្រុមហ៊ុនជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ក៏ដូចជាការព្រួយបារម្ភផ្សេងៗទៀតរួមទាំងពីឯកជនភាពរបស់អ្នកប្រើប្រាស់ ការឃ្លាំមើល និងមាតិកាដែលបង្កគ្រោះថ្នាក់។
ជុំវិញបញ្ហាដែលលើកឡើងក្នុងរបាយការណ៍ អ្នកនាំពាក្យរបស់ទីកតុក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអង្គារមុននោះថា ទីកតុកបានដាក់កំណត់សម្គាល់លើគណនីច្រើនជាង ១២០ ហើយគោលការណ៍របស់វេទិកា គឺគ្រប់ដណ្ដប់តែលើអង្គការ ឬស្ថាប័នប៉ុណ្ណោះ ។ដូច្នេះហើយទើបគណនីរបស់បុគ្គលមួយចំនួនដែលមានទំនាក់ទំនងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី មិនមានកំណត់សម្គាល់។ បើតាម AP ទីកតុកនិយាយថា ខ្លួននឹងដាក់កំណត់សម្គាល់លើគណនីផ្សេងទៀត ដែលអ្នកស្រាវជ្រាវ ASD បានកំណត់អត្តសញ្ញាណ។ ក្រុមហ៊ុនបាននិយាយ នៅពេល AP បានទាក់ទងទៅសួរជាថ្មីថា៖ «នេះគឺជា
ដំណើរការដែលកំពុងបន្ត ហើយយើងនឹងបន្តពិនិត្យមើលគណនីថ្មី ហើយបន្ថែមកំណត់សម្គាល់លើគណនីទាំងនោះ»។ គួររំឭកផងដែរថា ក្រុមហ៊ុនបច្ចេកវិជ្ជាផ្សេងទៀតបានចាត់វិធានការយ៉ាងចាស់ដៃចំពោះព័ត៌មានមិនពិតរបស់រុស្ស៊ី។ កាលពីឆ្នាំមុន ក្រុមហ៊ុនហ្គូហ្គល (Google) បានបិទបណ្ដាញឆាណែលយូធូប (Youtube) ដែលដំណើរការដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីនៅក្នុងទ្វីបអឺរ៉ុប។ ក្រុមហ៊ុន ក៏បានផ្តួចផ្តើមកម្មវិធីដែលបង្កើតឡើងដើម្បីបំប៉ោងឥទ្ធិពលនៃព័ត៌មានមិនពិតផងដែរ។ ចំណែកឯក្រុមហ៊ុន Meta ដែលជាម្ចាស់របស់កម្មវិធីហ្វេសប៊ុក និងអ៊ិនស្ដាក្រាម វិញ ក៏បានដាក់កំណត់សម្គាល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបរទេសផងដែរ ហើយបានលាត
ត្រដាង និងលុបបំបាត់បណ្តាញព័ត៌មាន ផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើន ដែលមានទំនាក់ទំនងនឹងរុស្ស៊ី។
អ្នកវិភាគមើលឃើញថា ការដាក់កំណត់សម្គាល់គឺជាវិធានការណ៍សំខាន់ ស្របពេលដែលទីកទុក ដែលជាកម្មវិធីដ៏ពេញនិយមសម្រាប់យុវវ័យ កំពុងក្លាយជាប្រភពព័ត៌មាន រួមទាំងព័ត៌មានមិនពិត ឈានមុខ។ ជាទូទៅ ការដាក់កំណត់សម្គាល់ បានក្លាយជាមធ្យោបាយទូទៅសម្រាប់វេទិកាបណ្ដាញសង្គមផ្សេងៗ ក្នុងការកំណត់មាតិកាពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងជូនដំណឹងដល់អ្នកប្រើប្រាស់ដោយមិនចាំបាច់ដកមាតិកាចេញពីវេទិកា។
ទីកតុកបានប្រកាសពីកិច្ចខិតខំប្រឹងប្រែងដាក់កំណត់សម្គាល់នៅខែមីនា ឆ្នាំ ២០២២ ដោយនិយាយថា៖ «ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន យើងនឹងពន្លឿនការចេញផ្សាយគោលនយោបាយរបស់យើងចំពោះប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ ដើម្បីឱ្យអ្នកប្រើប្រាស់វាយតម្លៃមាតិកា ដែលពួកគេទទួលបាននៅលើវេទិការបស់យើង»។
យ៉ាងណាមិញ ស្របពេលដែលកំណត់សម្គាល់អាចផ្តល់ព័ត៌មានបន្ថែមអំពីគណនីណាមួយ វាមិនបានកាត់បន្ថយវិសាលភាពនៃការឃោសនារបស់រុស្ស៊ីនៅលើទីកតុកនោះទេ ដោយហេតុថា អ្នកប្រើប្រាស់អាចមើលមិនឃើញ ឬមិនចាប់អារម្មណ៍ពីកំណត់សម្គាល់៕
ដោយ៖ហួន ឌីណា