ក្រសួងកសិកម្ម កំពុងជំរុញការសិក្សាពីសក្តានុពល និងបញ្ហាប្រឈមនៃការផលិតជីកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្ននេះ ក្រសួងកំពុងសិក្សាលម្អិត ពីការផលិតជីកសិកម្ម និងបញ្ហាប្រឈមនានា នៅតាមសិប្បកម្មផលិតជី នៅបណ្តាខេត្តមួយចំនួន ដោយកាលពីថ្ងៃ​ទី១ ខែមេសា លោកបានដឹកនាំមន្រ្តីទៅកាន់សិប្បកម្មផលិតជីកសិកម្មមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យសក្តានុពល នៃ​ការផលិតជីកសិកម្មនេះ។

ឯកឧត្តមបានប្រាប់ឱ្យដឹងនៅថ្ងៃទី​២ ខែមេសាថា​ នៅកម្ពុជាមានសិប្បកម្មផលិតជីធម្មជាតិ ខ្នាតតូច និងខ្នាតមធ្យមច្រើន ទើបក្រុមមន្រ្តីជំនាញបានចុះទៅពិនិត្យអំពីសក្តានុពល ទាក់ទងបរិមាណ វិធីសាស្រ្តផលិត តម្លៃ និងគុណភាពផលិតផល និងបទពិសោធរបស់អ្នកប្រើប្រាស់ជីទាំងនេះ ដើម្បីធ្វើការប្រៀបធៀបនឹងផលិតផលជីនាំចូល ថាតើក្រសួងគួរមានកិច្ចសហការបែបណាជាមួយសិប្បករ ក្នុងការជំរុញការផលិតជីនេះ។ ឯកឧត្តមបានបញ្ជាក់ថា៖ «ខ្ញុំកំពុងធ្វើការសិក្សាស្វែងយល់នូវសក្តានុពលផលិតកម្មក្នុងស្រុក ទាក់ទងនឹងបរិមាណ គុណភាព និងតម្លៃ និងប្រសិទ្ធភាពនៃការប្រើប្រាស់ជាដើម។ បន្ទាប់មកយើងគិតមើលថាតើយើងគួរមានការសហការគ្នាយ៉ាងម៉េចដ

ើម្បីឱ្យយើងអាចមានជីក្នុងស្រុកប្រើ ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ ដូច្នេះយើងត្រូវការប្រើពេលច្រើនទៀត»។

ទោះជាយ៉ាងណា ក្រសួងនៅមិនទាន់ដឹងពីចំនួនសិប្បកម្មផលិតកសិកម្មក្នុងស្រុកថាមានប៉ុន្មាននៅឡើយទេ ដោយសារតែក្រសួងកំពុងសិក្សា និងធ្វើស្ថិតិលើការងារ ដោយឯកឧត្តម យ៉ង សាំង កុមារ បានលើកឡើង​ថា សិប្បកម្មភាគច្រើនផលិតផលិតជីធម្មជាតិ ដែលផលិតពីរុក្ខជាតិ លាយជាមួយលាមកគោ និងការផលិតខ្លះទៀត មានបន្ថែមសាធាតុគីមីតិចតួច ដើម្បីជំរុញការលូតលាស់របស់​ដាំណាំ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការផលិតជីកសិកម្មធម្មជាតិក្នុងស្រុក នៅមានបញ្ហាប្រឈមមួយចំនួន ទា​ក់ទង គុណភាពនៃការប្រើប្រាស់នៅមានកម្រិត

ដោយសារជីធម្មជាតិសារធាតុចិញ្ចឹមទាប នាំការលូតលាស់របស់ដំណាំយឺត ខណៈកសិករចង់ឱ្យទទួលផលបានលឿន។ មួយវិញទៀត វត្ថុធាតុដើមមានតម្លៃថ្លៃ ដូចជាលាមកគោ និងលាមកសត្វផ្សេងជាដើម​ ធ្វើឱ្យថ្លៃដើមផលិតកើនឡើង និងបញ្ហាកង្វះទុន។

បែបនេះក្តីឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកម្មនៅតែបន្តខិតខំជំរុញឱ្យមានការផលិត និងប្រើប្រាស់ជីធម្មជាតិ ក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយជីនាំចូល និងការប្រើប្រាស់ជីគីមី ដើម្បីរក្សាគុណភាពដី។ ទាក់ទងនឹង​ការ​ផលិត​ជីនេះ លោក គីង​ រតនា​ ​ អគ្គនាយក​ក្រុមហ៊ុន​ វង្ស​ សារ៉ុម​ អេហ្គ្រត្រឌីង​ បាននិយាយថា តាំងពីមានវិបត្តិកូវីដ១៩មក

តម្លៃជី-ថ្នាំកសិកម្មបានកើនឡើងខ្ពស់ជាបន្ដបន្ទាប់ ហើយកើនឡើងកាន់តែខ្ពស់ទៅទៀត ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ថ្លៃដើមផលិតនៃវិស័យកសិកម្មនៅកម្ពុជា។

លោកបានបន្តថា ក្រុមហ៊ុនរបស់កំពុងស្នើសុំដល់ដៃគូរបស់លោកក្រៅប្រទេសរួមមាន តួគី អ៊ីស្រាអែល ឥណ្ឌា ជាដើម ក្នុងការផ្តល់បច្ចេកទេសក្នុងការផលិតជីកសិកម្ម។  លោកបានបញ្ជាក់ថា ៖ «យើងបានស្នើសុំភាគីក្រៅប្រទេសបានហើយ ទាក់ទងនឹងបច្ចេកទេស នៅឡើយតែការរៀ​បចំច្រវាក់ផលិតកម្មដោយសារម៉ាស៊ីនសម្រាប់ផលិតជីនេះមានតម្លៃថ្លៃពេក ដូចនេះយើងកំពុងពិចារណា។ យើងក៏បានស្នើជួបរដ្ឋមន្រ្តីកសិកម្មដែរ

ដើម្បីស្នើសុំការគាំទ្របន្ថែមលើគម្រោងរបស់យើងនេះ ដើម្បីជួយកាត់បន្ថយការនាំចូលជីពីក្រៅប្រទេ​ស​បាន»។

លោក គីង​ រតនា បានបន្តថា នៅក្នុងឆ្នាំ ២០២៣នេះ សន្ទុះនៃតម្រូវការជី-ថ្នាំកសិកម្ម នឹងមានចំនួនច្រើនជាងឆ្នាំមុន ដោ​យសារតែតម្លៃកសិផលរបស់ប្រជាកសិករឆ្នាំនេះមានភាពប្រសើរជាងមុន។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតឬស្មៅ នៅក្នុងរយៈពេល១២ខែឆ្នាំ២០២២កន្លងទៅនេះ មានទំហំទឹកប្រាក់សរុបជាង ៤៨០លានដុល្លារ កើនឡើងប្រមាណ ៦ភាគរយ បើធៀបនឹងរយៈពេ​លដូចគ្នាកាលពីឆ្នាំ២០២១។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងដែរថា ក្នុងអំឡុង​កូ​វីដ១៩ ការនាំ​ចូលជី និង​ថ្នាំ​កសិកម្ម មានតម្លៃ​ថ្លៃ ដោ​យ​ការកើនឡើង​តម្លៃ​នេះ ដោយសារប្រទេស​ផលិត​មិនមាន​លទ្ធភាព​ផ្គត់ផ្គង់​គ្រប់គ្រាន់,កង្វះ​វត្ថុធាតុដើម​ផលិត, ការកាត់បន្ថយ​កម្លាំង​ពលកម្ម​ផលិត, ការចំណាយ​ពេល​ច្រើន​ក្នុងការ​ដឹកជញ្ជូន និង កម្ពុជា​មិនទាន់មាន​លទ្ធភាព​ផលិត​ជាដើម៕

ដោយ៖វណ្ណ សុជាតា

ads banner