អង្គការមនុស្សចាស់កម្ពុជា នឹងប្រារព្ធទិវាសុខភាពពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គការមនុស្សចាស់កម្ពុជា ​សហការជាមួយតំណាងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមនុស្សចាស់ដែ​លស្ថិតនៅក្នុងបណ្តារាជធានី-ខេត្តមួយចំនួន នឹងរៀបចំប្រារព្ធទិវាសុខភាពពិភពលោក ដើម្បីជាឱកាសជម្រុ​​ញឲ្យរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រសុខភាពមនុស្សចាស់នៅតាមមូលដ្ឋាន។ នាយក​​ប្រតិ​បត្តិអង្គ​ការ​មនុស្ស​ចាស់​កម្ពុជា ​លោក ទុំ វីរ៉ា បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​២ ខែមេសាឆ្នាំ២០២៣ថា ​ទិវាសុខភាពពិភពលោកនេះ ​ត្រូវ​បាន​ប្រារព្វ​​រៀងរាល់ឆ្នាំ ហើយឆ្នាំនេះនឹងត្រូវ​រៀបចំឡើង​រួមគ្នា នៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ​ ​

ដោយមានការចូលរួមពីអង្គការសុខភាពពិភពលោក (WHO) ក្រុមប្រឹក្សាជាតិគាំពារស​ង្គម និងតំណាងមនុស្សចាស់ក្នុងបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ។

លោកបានឱ្យដឹងទៀតថា ​​​ឆ្នាំនេះ នឹងប្រារព្វឡើងក្រោមប្រធានបទ «សុខភាពល្អសម្រាប់មនុស្សគ្រប់វ័យ» ដែលប្រព្រឹត្តឡើងដោយផ្ទាល់ និងមានការផ្សាយតាមរយៈប្រព័ន្ធអនឡាញ​។ លោក ទុំ វីរ៉ា បានថ្លែងថា ជាគោលបំណងរបស់យើង យើងចង់ប្រារព្វទិវានេះ ដោយផ្សារភ្ជាប់ជាមួយប​ញ្ហា​សុខភាពមនុស្សចាស់ ឲ្យពួកគាត់បានដឹង និង​លើកយកបញ្ហាប្រឈមទាំងអស់​ ប្រាប់ទៅកាន់អ្នកពាក់ព័​ន្ធ ​ពិសេសអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល

ដោយសារមនុស្សចាស់គាត់មានបញ្ហាសុខភាពច្រើន ដូ​ច្នេះ​ហើយយើងយកឱកាសហ្នឹង ដើម្បីបន្លឺសម្លេងបញ្ហារបស់មនុស្សចាស់។​

លើសពីនេះទៀត លោក ទុំ វីរ៉ា បានលើកឡើង​ឱ្យដឹងដែរថា ទិវាសុខភាពពិភពលោកនេះ ​មានសារៈសំ​ខា​ន់ខ្លាំងណាស់សម្រាប់មនុស្សវ័យចាស់ ដោយសារមនុស្សវ័យចាស់​បានយល់ បានដឹង ​ពីការចែករំលែកពីតំណាងអង្គការសុខភាពពិភពលោក និងស្ថាប័នរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការរៀបចំផែនការ និងសេវាយ៉ាងណាខ្លះ សម្រាប់មនុស្សចាស់ផងដែរ។ ​សូមរំឮកផងដែរថា ក្នុង​ទិវា​សុខភាពពិភពលោកឆ្នាំ​២០២២ កន្លងមក ​ក្រោមប្រធានបទ «ផែនដីរបស់យើង សុខភាពរបស់យើង»​ អង្គការសុខភាពពិភពលោក ​បាន​លើកឡើងដោយ​

ផ្តោតការយកចិត្តទុកដាក់ជាសាកលលើសកម្មភាពបន្ទាន់ដែលត្រូវការដើម្បីរក្សាមនុស្ស និងភពផែនដីឱ្យមានសុខភាពល្អ និងផ្តោតលើសុខុមាលភាពរបស់​មនុស្សគ្រប់រូប។​

អង្គការ​នេះបាន​បញ្ជាក់ថា ទិវាសុខភាពពិភពលោកត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ ១៩៤៨ ទិវាហើយត្រូវបានប្រារព្ធរៀងរាល់ថ្ងៃទី ៧ ខែមេសា ជារៀងរាល់ឆ្នាំ។​​

ទាក់ទងនឹង​បញ្ហា​សុខភាពប្រជាពលរដ្ឋសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាតែងតែលើកឡើង និង​ក្រើនរំឭកប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ និងការពារសុខភាព​របស់​ខ្លួនឱ្យ​បាន​ត្រឹម​ត្រូវ ជាពិសេស​លោកតែងតែ​អំពាវនា​វ​​ឱ្យ​កូនៗ​ អាជ្ញាធរ​មូលដ្ឋានយកចិត្តទុកដាក់លើ​សុខភាពរបស់​ឪពុកម្តាយ ជីដូនជីតា និង​ជន​ចាស់ជរា៕ដោយ៖ជា សុខនី

ads banner