សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត សាម អ៊ីន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត សាម អ៊ីន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនឹងស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងលោកបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឱ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន។ លោកបណ្ឌិត សាម អ៊ីន គឺជាប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមថា “មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិត សាម អ៊ីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត សាម អ៊ីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បីឱ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន។”

ចំណែកលោកបណ្ឌិត សាម អ៊ីន បានសរសេរលើបណ្តាញសង្គមថា “ទឹកចិត្តមហាសមុទ្រ ក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងផ្តល់ឱកាសឱ្យខ្ញុំបានបម្រើការងារក្នុងក្រសួងបរិស្ថាន ជារដ្ឋលេខាធិការ ក្រោមការដឹកនាំរបស់ឯ.ឧ សាយ សំអាល់ ជារដ្ឋមន្រ្តី។”

លោកបណ្ឌិត សាម អ៊ីន បានសម្តែងក្តីរីករាយចំពោះការទទួលបានឱកាសដ៏ល្អនេះ និងត្រៀមខ្លួនចូលរួមជួយការងារក្រសួង ឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។ ជាមួយគ្នានេះ លោកបណ្ឌិត សាម អ៊ីន បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្រ្តី និងឯ.ឧ រដ្ឋមន្រ្តី ដែលផ្តល់ឱកាស និងការគាំទ្រចំពោះសំណើររបស់លោក។ លោកបណ្ឌិត សាម អ៊ីន យល់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ៕
ដោយ៖ពលជ័យ

ads banner