លោក ប្លីងគែន ជំរុញឱ្យរុស្ស៊ី ដោះលែងអ្នកសារព័ត៌មានអាមេរិក ជាបន្ទាន់
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានអំពាវនាវឱ្យរុស្ស៊ីដោះលែងអ្នកកាសែតអាមេរិកជាបន្ទាន់ ក្នុងអំឡុងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ។
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសពីការសន្ទនាតាមទូរស័ព្ទរវាងលោក ប្លីងគែន និងលោក ឡាវរូវ នៅថ្ងៃទី០២ ខែមេសានេះ ដោយកិច្ចពិភាក្សាខាងលើ បានធ្វើឡើងបន្ទាប់ពីអ្នកយកព័ត៌មានកាសែត Wall Street Journal លោក Evan Gershkovich ត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ក្រោមការសង្ស័យពីបទចារកម្ម។
ប្រភពបានឱ្យដឹងថា លោក ប្លីងគែន បានបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការឃុំឃាំងដែលក្រសួងការបរទេសអាមេរិកហៅថា គឺជារឿង “មិនអាចទទួលយកបាន”។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បាននឹងកំពុងជំរុញឱ្យរុស្ស៊ីដោះលែងលោក Gershkovich ផងដែរ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ឡាវរូវ បានសង្កត់ធ្ងន់ក្នុងអំឡុងកិច្ចពិភាក្សាខាងលើនេះថា លោក Gershkovich ត្រូវបានឃុំខ្លួន ខណៈពេលដែលគាត់កំពុងទទួលបានទិន្នន័យសម្ងាត់ និងប្រមូលទិន្នន័យដែលបង្កើតជាសម្ងាត់រដ្ឋ ក្រោមការក្លែងបន្លំឋានៈរបស់អ្នកកាសែត។
សេចក្តីថ្លែងការណ៍បន្ថែមថា អនាគតបុរសមានសញ្ជាតិអាមេរិករូបនេះនឹងត្រូវកំណត់នៅក្នុងតុលាការ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Gershkovich អាចនឹងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថា មានពិរុទ្ធពីបទចារកម្ម៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

