ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សុខភាព គឺជាទ្រព្យធន ដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
ខេត្តកំពត ៖ ក្នុងពិធីសមោ្ពធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព និងអគារផ្ទះ អគាររោងបាយ នៃមណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពត នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមអបអរសាទរ ការទទួលបាននូវសមទ្ធិផលអគារថ្មីៗ រួមមាន៖ អគារសម្ភព ១ ខ្នង កម្ពស់ ២ ជាន់ និងអគាររោងបាយ ១ ខ្នង បន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់បម្រើសេវាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ, ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កលក្ខណៈ និងជំរុញឱ្យកាន់តែកៀកខិតជិតមូលដ្ឋាន នូវសេវាថែទាំសុខភាព និងពិនិត្យព្យាបាលជម្ងឺ, សេវាអប់រំសម្រាប់កូនចៅប្រជាពលរដ្ឋ និងឱកាសការងារ ជាដើម។
ឯកឧត្តម បណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រង, ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ដែលបានខិតខំយកចិត្តទុកដាក់រៀបចំដាក់ឱ្យដំណើរការមណ្ឌលសុខភាពមួយនេះ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុកជុំគិរី ខេត្តកំពតដោយឥតគិតថ្លៃ ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាពដល់វិស័យសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។
ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំជំរុញការអភិវឌ្ឍមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស និងការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។
ជាលទ្ធផល កម្ពុជាអាចសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដោយក្នុងនេះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ ហើយកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍រួចមកហើយ ដូចជា៖ ការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា ៕ ប្រភព ៖ កងទ័ពជើងគោក






