រដ្ឋមន្ត្រីក្រសួង​ការបរ ទេស​ជប៉ុន ​ជំរុញ​ឱ្យ​ចិន​ដោះលែង​ជនជាតិ​ជប៉ុន ដែល​កំពុង​ជាប់​ឃុំ

តូក្យូ៖ នៅថ្ងៃទី២ ខែមេសា​ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក​ យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) បានជួបជាមួយសមភាគីចិន និងបានជំរុញរដ្ឋាភិបាលទីក្រុងប៉េកាំងឱ្យដោះលែងជនជាតិជប៉ុនម្នាក់ដែលកំ​ពុងជាប់ឃុំជាបន្ទាន់។

គួរដឹងថា កិច្ចប្រជុំរវាងលោក ហាយ៉ាស៊ី និងលោក ឈីន កាង (Qin Gang) រដ្ឋមន្ត្រីក្រសួងការបរទេសចិន គឺជាដំ​ណើ​រទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនទៅកាន់ទីក្រុងប៉េកាំង គិតត្រឹមរយៈពេលជាងបីឆ្នាំមកនេះ​ ខណៈមហាអំណាចអាស៊ីដែលជាគូប្រជែងទាំងពីរនេះ កំពុងស្វែងរកចំណុចរួមមួយ ចំពេលដែលភាពតានតឹងនៅក្នុ​ងតំបន់ក៏កំពុងកើនឡើងខ្លាំង។​

គួររំឭកថា បុគ្គលិកម្នាក់របស់ក្រុមហ៊ុន Astellas Pharma Inc ដែលជាក្រុមហ៊ុនឱសថអន្តរជាតិរបស់ជប៉ុន ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនដោយមិនដឹងមូលហេតុ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនឱសថនេះបានប្រាប់ឱ្យដឹងកាលពីមួយសប្តាហ៍មុន។

យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា បច្ចុប្បន្ននេះ ជនជាតិជប៉ុនសរុបទាំងអស់ចំនួនប្រាំនាក់ហើយដែលកំ​ពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន ដែលក្នុងនោះ ពីរ នាក់ត្រូវបានកាត់ទោស និងរកឃើញថាពិតជាមានពិរុទ្ធភាពទៀតផង។​

លោក ហាយ៉ាស៊ី បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ៖ «ខ្ញុំបានធ្វើការតវ៉ាប្រឆាំងនឹងការឃុំខ្លួនជនជាតិជប៉ុនកាលពីពេលថ្មីៗនេះនៅទីក្រុងប៉េកាំង ហើយខ្ញុំបានបង្ហាញពីជំហរយ៉ាងរឹងមាំរបស់យើងជុំវិញបញ្ហានេះ និងបានទាមទារឱ្យដោះ​លែងជនជាតិជប៉ុនឱ្យបានឆាប់ៗខាងមុខនេះ»។

ដោយឡែក លោក ឈីន បានឆ្លើយតបតាមរយៈការអានសេចក្ដី្ដថ្លែងការណ៍របស់ក្រសួងការបរទេសចិនថា ប្រទេសចិ​ននឹងដោះស្រាយករណីនីមួយៗទៅតាមច្បាប់របស់ប្រទេសចិន។

លោក ហាយ៉ាស៊ី បានបន្ថែមថា ប្រទេសជប៉ុនកំពុងស្វែងរកតម្លាភាពជុំវិញដំណើរការផ្លូវច្បាប់ទាក់ទងនឹងការឃុំខ្លួន ហើ​យបានស្នើសុំឱ្យប្រទេសចិនធានាឱ្យបាននូវភាពយុត្តិធម៌ និងសុវត្ថិភាពរបស់ជនជប៉ុនទាំងអស់នោះ។ យ៉ាងណាក៏ដោយ លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ប្រតិកម្មឆ្លើយតប​របស់​ចិនយ៉ាងណានោះ​ទេ។​

កាលពីថ្ងៃអាទិត្យ លោក យូគីកូ អូកាណូ (Yukiko Okano) អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «រឿងនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលចិនកំពុងព្យាយាមជំរុញការវិនិយោគរបស់ប្រទេសជប៉ុននៅក្នុងប្រទេសចិន។ប៉ុន្តែចិនបែរជាប្រព្រឹត្តទង្វើបែបនេះវិញ ពោលគឺផ្ទុយគ្នាពីគោលបំណងរបស់ខ្លួនដែលចង់ជំរុញការវិនិយោគរបស់ជប៉ុន»។

លោក អូកាណូ ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា លោករដ្ឋមន្ត្រីជប៉ុនក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើ​នឡើងនៃសកម្មភាពយោធារបស់ចិន រួមមានដូចជា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយរុស្ស៊ី និងជម្លោះនៅតំបន់ដែ​នសមុទ្រចិនខាងកើតផងដែរ។

លោក ហាយ៉ាស៊ី បានមានប្រសាសន៍ថា «យើងទាំងពីរក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តវប្បធម៌សន្ទនាលើបញ្ហាទាំងអស់ រួមទាំងបញ្ហាសន្តិសុខជាតិផងដែរ»។​

លោក ហាយ៉ាស៊ី បានឱ្យដឹងថា លោកបាននិយាយទៅកាន់លោក ឈីន អំពីសារៈសំខាន់នៃការធានាឱ្យបាននូវសន្តិភា​ព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែលោក ឈីន បានព្រមានជប៉ុនមិនឱ្យជ្រៀតជ្រែកចូលក្នុងបញ្ហាតៃវ៉ាន់ ឬធ្វើឱ្យអាប់ឱនដល់អធិបតេយ្យភាពរបស់ចិនគ្រប់រូបភាពដោយបានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាផលប្រយោជន៍ចម្បងរបស់ប្រ​ទេ​សចិន»។​

នៅពេលដែលមានការសុំឱ្យធ្វើអត្ថាធិប្បាយជុំវិញជំហររបស់ជប៉ុនចំពោះទីក្រុងប៉េកាំង លោក អូកាណូ បានថ្លែងថា «ប្រទេសជប៉ុនមិនមានការផ្លាស់ប្តូរនោះទេនៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។

 គួរដឹងដែរថា ភាព​តានតឹង​បាន​និង​កំពុង​កើន​ឡើងខ្លាំង​ជុំវិញ​កោះ​តៃវ៉ាន់ ដែលទី​ក្រុង​ប៉េកាំង​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន ហើយចិនក៏ធ្លាប់បានប្រកាសផងដែរថា ខ្លួនអាចនឹង​ប្រើប្រាស់កម្លាំង​យោធាលើតៃវ៉ាន់ ប្រសិនបើកាលៈទេសៈណាមួយចាំបាច់។ ប៉ុន្តែ រដ្ឋាភិបាលជាប់ឆ្នោតនៅទីក្រុងតៃប៉ិ បានបដិសេធការអះអាងរបស់ទីក្រុងប៉េកាំង ហើយបានឆ្លើយតបវិញថា មានតែប្រជាជនរបស់ខ្លួនប៉ុណ្ណោះដែលអាចសម្រេចលើអនាគតរបស់ពួកគេបាន។​

កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ ប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹងការទូតមួយ បន្ទាប់ពីយោធារបស់ចិនបានបាញ់គ្រាប់មីស៊ីលផ្លោងចំនួនប្រាំគ្រាប់ធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដែលស្ថិតនៅជិតកោះកំពុងមានជម្លោះ និងដែលជប៉ុនហៅកោះនោះថា សេ​នកាគូ (Senkaku)។ រីឯចិនហៅកោះនោះថា ទៀវយូ (Diaoyu)។​

កាលពីថ្ងៃសុក្រ ទីក្រុងតូក្យូបានប្រកាសរឹតបន្តឹងលើការនាំចេញវត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជាបន្ទះឈីប ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើកន្លងមក។ ការណ៍នេះបានជំរុញឱ្យ លោក ឈីន ព្រមានសមភាគីជប៉ុនថា «សូមកុំចូលរួមសមគំនិតជាមួយអ្នកប្រព្រឹត្តរឿងអាក្រក់ឱសោះ» ដែលនេះជាការលើកឡើងដោយចង់សំដៅទៅលើសហរដ្ឋអាមេរិក។ ជាថ្មីម្ដងទៀត ការរឹតបន្តឹងនេះគឺស្របទៅតាមវិធានការស្រដៀងគ្នាដែលសហរដ្ឋអាមេរិក និងប្រទេសហូឡង់ បានដាក់សម្ពាធទៅលើប្រទេសចិន មិនឱ្យផលិតបន្ទះឈីបកម្រិតស្ដង់ដារខ្ពស់បាន។​

លោក ហាយ៉ាស៊ី បានប្រាប់អ្នកសារព័ត៌មានថា ៖ «ការរឹតបន្តឹងនេះមិនសំដៅទៅលើប្រទេសណាមួយជាក់លាក់នោះទេ»។ គួរកត់សម្គាល់ថា បើទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ ចិន និងជប៉ុនបានយល់ព្រមចូលតុចរចាត្រីភាគីជាមួយកូរ៉េខាងត្បូងឡើងវិញ ដោយលោក ហាយ៉ាស៊ី បានលើកឡើងថា ការចូលតុចរចានេះគឺជាសមិទ្ធផល​ដ៏សំខាន់ដែលបានមកពីកិច្ចប្រជុំរវាងលោកជាមួយនឹងលោក ឈីន។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះបានបន្ថែមថា ៖ «យើងបានយល់ព្រមបន្តការចរចាទៅខាងមុខទៀត មិនថាកិច្ចចរចានោះធ្វើឡើងក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស ឬថ្នាក់ដឹកនាំប្រទេសក៏ដោយ»។ គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង (Xi Jinping) ក៏ធ្លាប់បានជួបគ្នាក្រៅផ្លូវការម្ដងមកហើយដែរ អំឡុងពេលដែលមេដឹកនាំទាំងពីរបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ហើយជំនួបទ្វេភាគីកាលនោះគឺជាជំនួបលើកដំបូងបំផុតក្នុងរយៈពេលជិតបីឆ្នាំមកនេះ៕​

ប្រែសម្រួល៖ធា សុណា

ប្រភព៖ https://www.reuters.com/world/asia-pacific/japans-foreign-minister-calls-early-release-detained-national-during-talks-china-2023-04-02/

ads banner