ចំណូលលក់សំបុត្រទស្សនាអង្គរកើនឡើងជាង១ពាន់ដង (Video Inside)
អត្ថបទដោយ៖
Apsara Net
ចំណូលពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរបានជាង៣លានដុល្លារដែលកើនឡើងជាង ១ពាន់ដង បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំកន្លងមក។ សេចក្តីប្រកាសពត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា សម្រាប់ខែមីនាឆ្នាំ២០២៣នេះ គេរកចំណូលបានចំនួន ៣លាន៧៤ ម៉ឺន៨ពាន់៧០០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចំនួន៧ម៉ឺន៩ពាន់ ៣៩០នាក់។
គិតក្នុងរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជារកចំណូលបានចំនួន ១១លាន១៣ម៉ឺន៥ពាន់៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប២៣ម៉ឺន៦ពាន់៣៤១នាក់។
ដោយឡែកក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧ម៉ឺន២ពាន់៦៨២ដុល្លារអាមេរិក នៃប្រាក់កាត់ពីចំណែក នៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕