ប្រមុខការទូតកំពូលចិនព្រមានជប៉ុន កុំឱ្យដើរតាមគោលនយោបាយអាមេរិកប្រឆាំងនឹងទីក្រុងប៉េកាំង
ប៉េកាំង៖ មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី បានព្រមានជប៉ុនកុំឲ្យធ្វើតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងប៉េកាំង។
មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយលោក វ៉ាង បាននិយាយថា ទំនាក់ទំនងទ្វេភាគីជាមួយជប៉ុនជាទូទៅមានស្ថេរភាព ប៉ុន្តែមានសំលេងរំខាន និងការរំខានផ្សេងៗពីមួយពេលទៅមួយពេល។
លោក វ៉ាង បន្តថា កម្លាំងខ្លះនៅប្រទេសជប៉ុនកំពុងធ្វើតាមគោលនយោបាយខុសរបស់សហរដ្ឋអាមេរិក ហើយសហការជាមួយអាមេរិកដើម្បីបង្កាច់បង្ខូចចិន លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល។ ជាក់ស្តែង លោក វ៉ាង ចង់សំដៅដល់បញ្ហាកោះតៃវ៉ាន់។
លោក វ៉ាង បន្ថែមថា ប្រទេសចិនបានរក្សានូវគោលនយោបាយស្ថិរភាព និងជាប់លាប់ចំពោះប្រទេសជប៉ុន ហើយថា ឆ្នាំនេះជាខួបលើកទី ៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងជប៉ុន-ចិន ដោយលោកបានអំពាវនាវឱ្យជប៉ុនកសាងទំនាក់ទំនងទ្វេភាគី ដែលឆ្លើយតបនឹងការទាមទារនៃយុគសម័យថ្មី។
បើតាមក្រុមអ្នកសង្កេតការណ៍ ប្រទេសចិនកំពុងព្រមានជប៉ុនកុំឱ្យបង្កើនការចូលរួមរបស់ខ្លួននៅក្នុងបញ្ហាកោះតៃវ៉ាន់ ហើយក៏កំពុងព្យាយាមទាក់ទាញជប៉ុនឱ្យមកខាងខ្លួន ដោយបង្ហាញពីឆន្ទៈរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា
