ការនាំចេញស្រាពីអឺរ៉ុប ទៅរុស្ស៊ី កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២២ ក្នុងតម្លៃ ១៨៧លានដុល្លារអាមេរិក

ព្រុចសែល៖ ការនាំចេញស្រាពីប្រទេសអ៊ីតាលីទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង ១៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ ២០២២ កើនឡើងដល់កម្រិតខ្ពស់បំផុតដល់ ១៧២លានអឺរ៉ូ ឬប្រមាណ ១៨៧លានដុល្លារអាមេរិក។
នេះបើតាមការប្រកាសរបស់សមាគមផលិតករកសិកម្មអ៊ីតាលី។

ស្រា Sparkling រ៉ាប់រងច្រើនជាងពាក់កណ្តាល នៃការនាំចេញស្រារបស់អ៊ីតាលីទៅកាន់រុស្ស៊ីកាលពីឆ្នាំមុន ដែលការលក់បានឈានដល់ ៤៨លានអឺរ៉ូ កើនឡើង ៣០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការលក់ស្រា Sparkling របស់អ៊ីតាលីសរុបមានជាង ៩១លានអឺរ៉ូ ដែលតំណាងឱ្យការកើនឡើង ២៨ភាគរយ បើធៀបនឹងឆ្នាំមុន។ ហើយការនាំចេញស្រាស និងក្រហមត្រូវបានគេរាយការណ៍ថា បានឈានដល់ ៨១លានអឺរ៉ូ ដែលជាកំណើនតិចតួចត្រឹម ៥ភាគរយ បើធៀបនឹងឆ្នាំ ២០២១។

ការកើនឡើងនៃការនាំចេញ ដែលមិនរងផលប៉ះពាល់ដោយសារទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែនរបស់រុស្ស៊ី បានប្រែក្លាយអ៊ីតាលីទៅជាប្រទេសផ្គត់ផ្គង់ស្រាលំដាប់ទីមួយរបស់រុស្ស៊ី បន្ទាប់ពី អេស្ប៉ាញ និងហ្សកហ្ស៊ី។ ក្រោមការពិន័យដែលបានអនុម័តដោយប្លុកនេះកាលពីខែមីនាកន្លងទៅ ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបត្រូវបានអនុញ្ញាតស្របច្បាប់ ក្នុងការនាំចេញស្រាទៅកាន់ប្រទេសរុស្ស៊ី ដរាបណាតម្លៃនៃដបនីមួយៗមិនលើសពី ៣០០អឺរ៉ូ។

នៅក្នុងខែធ្នូ ទិន្នន័យពាណិជ្ជកម្មដែលតាមដានដោយនាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់គណៈកម្មការអឺរ៉ុប បានបង្ហាញថា ការនាំចេញស្រាពីរដ្ឋសមាជិកសហភាពអឺរ៉ុបទៅកាន់ប្រទេសរុស្ស៊ីឃើញថា មានកំណើន ៤០ភាគរយ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ ២០២២ ខណៈដែលអ៊ីតាលី បារាំង និងអេស្បាញជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសនាំចេញធំបំផុត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner