ជប៉ុនហាមឃាត់ ការនាំចេញសម្ភារៈក្មេងលេង ទៅរុស្ស៊ី

តេក្យូ៖ ប្រទេសជប៉ុនបានដាក់ចេញការរឹតបន្តឹងថ្មីមួយប្រឆាំងនឹងរុស្ស៊ី កាលពីពេលថ្មីៗនេះ ដោយដាក់បន្ថែមសម្ភារៈក្មេងលេងទៅក្នុងបញ្ជីមុខទំនិញថ្មី ដែលត្រូវហាមឃាត់នាំចេញទៅកាន់ប្រទេសរុស្ស៊ី។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនបានកែប្រែការរឹតបន្តឹងពាណិជ្ជកម្មរបស់ខ្លួន ទៅលើមុខទំនិញដែលរួមចំណែកដល់ការពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់រុស្ស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។ បញ្ជីហាមឃាត់ដែលបានធ្វើបច្ចុប្បន្នភាព រួមមានទំនិញដូចជា ដែក អាលុយមីញ៉ូម គ្រឿងចក្រសំណង់ ឧបករណ៍អគ្គិសនី ឧបករណ៍វិទ្យុសម្រាប់ការរុករក យន្តហោះ និងយានអវកាសជាដើម។

បញ្ជីហាមឃាត់នេះដែរ ក៏រួមបញ្ចូលទាំងសម្ភារៈក្មេងលេងផងដែរ មានដូចជាប្រដាប់ប្រដាក្មេងលេង គំរូ ល្បែងផ្គុំរូប និងរបស់របរនៅលើកង់ (កង់ និងរទេះរុញ)ជាដើម។ យោងតាមរបាយការណ៍របស់បណ្តាញព័ត៌មានឯករាជ្យ BNN បានឱ្យដឹងថា ការដាក់បញ្ចូលប្រដាប់ប្រដាក្មេងលេងទៅក្នុងបញ្ជីហាមឃាត់ការនាំចេញ ជាពិសេសយីហោ Pokemon ដ៏ពេញនិយម… បង្ហាញពីចេតនារបស់ប្រទេសជប៉ុន ក្នុងការដាក់សម្ពាធលើប្រទេសរុស្ស៊ី តាមរយៈមធ្យោបាយផ្សេងៗ រួមទាំងការផ្តោតទៅលើទំនិញប្រើប្រាស់ ដែលមានសារៈសំខាន់ទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច។ ការរឹតត្បិតចុងក្រោយនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី៧ ខែមេសាតទៅ។

គួរបញ្ជាក់ថា ចាប់តាំងពីការផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ ធនាគារ និងក្រុមហ៊ុនរបស់រុស្ស៊ី ហើយបានដករុស្ស៊ីចេញពីឋានៈជាប្រទេសដែលពេញចិត្តបំផុតក្នុងការធ្វើពាណិជ្ជកម្មផងដែរ។ បន្ថែមលើនេះ ទីក្រុងតូក្យូបានដាក់បញ្ចូលសហគ្រាសជាង ៥០ និងបុគ្គលជាង ៩០០នាក់ចូលទៅក្នុងបញ្ជីខ្មៅ ខណៈដែលអាជ្ញាធរជប៉ុនបានបង្កកទ្រព្យសម្បត្តិរបស់ធនាគាររុស្ស៊ី និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងអង្គការជិត ៤០ ផងដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner