ឆ្នាំ២០២២កន្លងមក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺ បើកសាច់ប្រាក់ជាលុយរៀលពីសាខាធនាគារជាតិប្រមាណ ៥៦% ដែលកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១
កំពង់ស្ពឺ៖ ឆ្នាំ២០២២កន្លងមក គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺ បើកសាច់ប្រាក់ជាលុយរៀលពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៥៦% ដែលបានកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១ ហើយការកើនឡើងនេះ បង្ហាញពីកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុននៅក្នុងខេត្ត។ នេះជាការលើកឡើងរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ។

ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពង់ស្ពឺ និយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេ ប្រសិនបើមិនមានរូបិយវត្ថុជាតិ ដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ ការប្រើប្រាស់ទូលំទូលាយនូវប្រាក់រៀលប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជា ដល់អ្នកជំនាន់ក្រោយ និងភ្ញៀវទេសចរបរទេស ហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា កន្លងមក សង្កេតឃើញថា ការចាយវាយប្រាក់រៀលនៅខេត្តកំពង់ស្ពឺពីសំណាក់ប្រជាពលរដ្ឋមានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ ព្រោះខេត្តកំពង់ស្ពឺ ក៏ជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ទាំងភ្ញៀវជាតិ និងបរទេស ដែលបាននាំមកនូវប្រភពចំណូលជាប្រាក់ដុល្លារអាមេរិកមួយចំនួនធំ ដល់ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធ ។

ថ្លែងនាឱកាសនេះ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ក្រោយកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានធ្វើស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ច និងសង្គម និងបានដាក់ចេញនយោបាយអភិវឌ្ឍជាតិនៅគ្រប់វិស័យ ដែលក្នុងនោះក៏មានការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ ជាលទ្ធផល ប្រាក់រៀលបានចរាចរណ៍កើនឡើងជាលំដាប់ ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ ទន្ទឹមនេះ អត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរ ទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ។

ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ យោងតាមទិន្នន័យអង្កេត កាលពីឆ្នាំ២០១៧ ប្រជាពលរដ្ឋចំនួន ៦៧% មានប្រាក់ចំណូលចម្បងជាប្រាក់រៀល ស្របពេលដែល ៦២% បានប្រើប្រាស់លុយរៀលច្រើនជាង ៨០% នៅក្នុងការចំណាយប្រចាំថ្ងៃ។ នៅឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺ បានបើកសាច់ប្រាក់ជាលុយរៀល ពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៥៦% នៃការបើកសាច់ប្រាក់សរុប ដែលបានកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១។ ការកើនឡើងនេះបង្ហាញពីកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុននៅក្នុងខេត្ត។

លោកជំទាវទេសាភិបាលរង ក៏បានលើកឡើងពីប្រព័ន្ធទូទាត់អេឡិចត្រូនិកនៅកម្ពុជាដែរថា បច្ចុប្បន្ន ប្រព័ន្ធទូទាត់អេឡិចត្រូនិក ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលកាន់តែមានភាពងាយស្រួលមិនថាក្នុងទំហំទឹកប្រាក់តិច ឬច្រើននោះទេ។ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ “ប្លុកឆែន” និងស្តង់ដារ KHQR Code បានសម្រួលដល់ការបង្វែរនិងការទូទាត់ឆ្លងគ្រឹះស្ថាន ជាមួយនឹងការទទួលបានទឹកប្រាក់ភ្លាមៗ ងាយស្រួល និងសុវត្ថិភាពបំផុត។ ការអភិវឌ្ឍប្រព័ន្ធទូទាត់នានា បានពង្រឹងប្រសិទ្ធភាពនិងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានផ្តល់លទ្ធភាពដល់ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់នៃបណ្តាប្រទេសក្នុងតំបន់ជាច្រើន ដែលបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត