មេបញ្ជាការសឹករងកំពង់ធំ រំលឹកដល់យោធិនទាំងអស់ប្តេជ្ញាចិត្តដាច់ខាត ការពារឲ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ជូនដល់យោធិនចំណុះទីបញ្ជាការនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ និងបានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវប្តេជ្ញាចិត្តដាច់ខាត ការពារឲ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជា ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនបន្ថែមទៀត ឲ្យដូចបណ្ដាប្រទេសដែលកំពុងរីកចម្រើនជឿនលឿននៅលើពិភពលោក។
លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផលសកម្មភាពការងារអប់រំចិត្តសាស្ត្រ និងការងារហ្វឹកហ្វឺនរៀនសូត្រ ជូនយោធិននៅគ្រប់បណ្ដាកងឯកភាពចំណុះ កន្លងមក និងលើកឡើងនូវទិសដៅមួយចំនួន សម្រាប់អនុវត្តបន្ត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានឆន្ទៈមោះមុត និងមានមនសិការស្នេហាជាតិពិតប្រាកដ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត របស់ប្រជាជន ដែលបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល និងបានប្រកាសគាំទ្រយ៉ាងឱឡារិក នូវបេក្ខភាពឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នៅពេលអនាគត ៕ ដោយ ប៊ុន រដ្ឋា


