វេណេស៊ុយអេឡា ចាប់ឃុំខ្លួនមន្ត្រីជាង ៤០ នាក់ ជុំវិញការស៊ើបអង្កេតអំពើពុករលួយ
ការ៉ាកាស៖ ប្រទេសវេណេស៊ុយអេឡាចាប់ខ្លួនមន្រ្តីយ៉ាងហោចណាស់ ៤៤ នាក់ ជុំវិញការស៊ើបអង្កេតប្រឆាំងអំពើពុករលួយទាក់ទងនឹងក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត។
ប្រតិបត្តិការចុះបង្រ្កាបជុំវិញករណីនេះ បានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែមីនា បន្ទាប់ពីប៉ូលីសវេណេស៊ុយអេឡាចេញសេចក្ដីប្រកាសប្រឆាំងអំពើពុករលួយ ដែលអំពាវនាវឱ្យកាត់ទោសមន្រ្តីដែលអាចជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយធ្ងន់ធ្ងរ និងកេងបន្លំ។
ក្រោមការស៊ើបអង្កេតអំពើពុករលួយ រដ្ឋមន្រ្តីទទួលបន្ទុកលើប្រេងដ៏មានឥទ្ធិពលរបស់ប្រទេស លោក តារ៉េក អែល អៃសាមី (Tareck El Aissami ) បានលាលែងចេញពីតំណែង ខណៈអគ្គមេធាវីវេណេស៊ុយអេឡា លោក តារីក វីលៀម សាអាប (Tarek William Saab) បានឱ្យដឹងនៅលើធ្វីតធ័រកាលពីថ្ងៃអាទិត្យថា ការិយាល័យរដ្ឋអាជ្ញាបានឃុំខ្លួនបុគ្គលចំនួន ៤៤ នាក់ ដែលពាក់ព័ន្ធនឹងគម្រោងអំពើពុករលួយជាច្រើន ដែលរៀបចំឡើងដើម្បីកេងបន្លំសេដ្ឋកិច្ចជាតិ។
ការចាប់ខ្លួនបុគ្គលដ៏ល្បីឈ្មោះបំផុតនាពេលថ្មីៗនេះ គឺលោក បេដ្រូ ម៉ាលឌូណាដូ (Pedro Maldonado) ដែលជាប្រធានក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋ Corporacion Venezolana de Guayana ក៏ដូចជាមន្ត្រីមកពីក្រុមហ៊ុនលោហធាតុវេណេហ្ស៊ុយអេឡា SIDOR។
កាលពីចុងខែមីនាកន្លងទៅ រដ្ឋអាជ្ញាវេណេស៊ុយអេឡា បានឱ្យដឹងថា មន្រ្តីទាំងនេះរងការចោទប្រកាន់ពីបទយកមូលនិធិសាធារណៈ លាងលុយកខ្វក់ ប្រើឥទ្ធិពលដើម្បីជ្រៀតជ្រែកកិច្ចការរដ្ឋ និងក្បត់ជាតិ។
ប្រភពតុលាការបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក ម៉ាលឌូណាដូ ដែលជាអតីតនាយកធនាគារកណ្តាលវេណេហ្ស៊ុយអេឡា មានជាប់ពាក់ព័ន្ធនឹងផែនការពុករលួយ ដែលដឹកនាំដោយអតីតសមាជិកសភា និងមេដឹកនាំយូរឆ្នាំនៃគណបក្សកាន់អំណាចសង្គមនិយមវេណេស៊ុយអេឡា (PSUV) លោក Hugbel Roa ដែលប៉ូលិសចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប។
លោក អែល អៃសាមី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក៏ជាផ្នែកមួយនៃគណបក្សកាន់អំណាចដែរ ហើយធ្លាប់ធ្វើជាអនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧស្សាហកម្មវេណេស៊ុយអេឡាពីមុនមក។
រហូតមកទល់ពេលនេះ ព័ត៌មានលម្អិតពីចំនួនទឹកប្រាក់ដែលត្រូវបានកេងបន្លំ មិនត្រូវបានគេបញ្ចេញឱ្យដឹងនោះទេ ប៉ុន្តែសារព័ត៌មានខ្លះបានរាយការណ៍ថាវាមានរហូតដល់ ៣ ប៊ីលានដុល្លារ។ គួររំឭកថា ទោះបីជាអំពើពុករលួយជាបញ្ហាចាស់វស្សានៅក្នុងប្រទេសវេណេស៊ុយអេឡាក៏ដោយ ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលពីបទប្រព្រឹត្តអំពើពុករលួយ គឺកម្រកើតមានណាស់៕
ប្រែសម្រួល៖ហួន ឌីណា