រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងសម្ពោធអគារប្រជុំ នៃកងពលតូចអន្តរាគមន៍លេខ៧
(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងសម្ពោធអគារប្រជុំមួយខ្នង នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។

ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។

នាឱកាសនោះ ប្រតិភូក្រសួងការងារ បាននាំមកនូវអំណោយក្នុងនាម សមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់បងប្អូន នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នូវគ្រឿងឧបភោគ បរិភោគ សរុបប្រមាណជិត ១៩៥លានរៀល។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារប្រជុំមួយខ្នង នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កសាងដោយ ក្រុមវិស្វកម្មនាយទាហាន នាយទាហានរង និងពលទាហានកងពលអន្តរាគមន៍លេខ៧ អស់ថវិកាសរុបចំនួន ៤២៨លានរៀល (បួនរយម្ភៃប្រាំបីលានរៀល) ៕

ប្រភព ៖ ក្រសួងការងារ