មេ​ដឹក​នាំថៃ​ លោក​ ប្រាយុទ្ធ​​​ បង្កើន​វោហា​សាស្រ្ត​មុន​ការ​បោះឆ្នោតថ្នាក់​​ជាតិ​ខាង​មុខ​

ថៃ៖ នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ ប្រាយុទ្ធ​​ ចាន់​អូចា​ បាន​​បង្កើន​វោហា​សាស្រ្ត​នយោបាយ​របស់​ខ្លួន ដោយ​និយាយអួត​​​​​​នៅ​ថ្ងៃ​ចន្ទ​ ទី​ ៣ ខែ​មេសា​ ថា​ ប្រទេស​ថៃ​​ត្រូវ​ការ​មេ​ដឹក​នាំ​ដែល​មាន​បទ​ពិសោធន៍​ ខណៈ​មេដឹកនាំ​​ដែល​ធ្លាក់​ប្រជាប្រិយ​ភាព​រូប​នេះ ​​​ប្រឈម​​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​​ក្លា​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​។ ​

ការ​ថ្លែង​របស់​លោក​ ប្រាយុទ្ធ​ ដែល​ជា​អតីត​មេ​កង​ទ័ព​ថៃ​ និង​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ឆ្នាំ​ ២០១៤ ធ្វើ​ឡើង​ខណៈ​ដែល​​សមាជិក​សភា​រាប់​រយ​នាក់​នៅ​ក្នុង​ប្រទេស​ថៃ​​​ចាប់​ផ្តើម​ដំណើរ​ការ​ចុះ​ឈ្មោះ​ជា​​ផ្លូវ​ការ​សម្រាប់​ការ​បោះឆ្នោត​​។ បច្ចុប្បន្ន​នេះ​ គេ​មើល​ឃើញ​ថា​ លោក​ ប្រាយុទ្ធ​​ កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដ៏​ស្វិត​ស្វាញ​ពី​ក្រុម​ប្រឆាំង​ ​​ដឹក​នាំ​ដោយ​លោក​ស្រី​ ភែត​ង​តា​ន ស៊ីណា​វ៉ាត (Paetongtarn Shinawatra )​ ​ដែល​​​ជា​កូន​ស្រី​របស់​អតីត​នាយករដ្ឋ​មន្រ្តីថៃ​ លោក​ ថាក់​ស៊ីន​ ស៊ីណាវ៉ាត​ ​។

លោក​ ប្រាយុទ្ធ​ ដែល​មាន​វ័យ​ ៦៩ ឆ្នាំ​ បាន​និយាយ​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​ Thairath TV ​នៅ​ពេល​ជួប​ជាមួយ​​អ្នក​គាំទ្រ​​នៅ​សាល​កីឡដ្ឋាន​នា​ទីក្រុង​បាងកកង​ នៅ​ថ្ងៃ​ចន្ទ ​យ៉ាង​ដូច្នេះ​​​ថា ប្រទេស​ថៃ​ «ត្រូវ​ការ​​​មនុស្ស​ដែល​ដឹង​ពី​របៀប​ធ្វើ​ការ​​។ ​បើ​​គេ​​មិន​​ដែល​​ធ្វើ​​ទេ​ គេ​​មិន​​អាច​​ធ្វើ​​បាន​នោះ​​ទេ​»។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​​បន្ត​របស់​​​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

គួរ​បញ្ជាក់​ថា​ ថៃ​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ទី​ ១៤ ខែ​ឧសភា​ ដែល​ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​ចាប់​តាំង​ពី​ប្រទេស​នេះ​រង​នូវ​ភាព​ចលាចល​ ដែល​រំជើប​រំជួល​ដោយ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​ ២០២០ ដែល​ដឹក​នាំ​ដោយ​ក្រុម​យុវជន​។ ​​

​កន្លង​មក​ថ្មី​ៗ​នេះ​​ គេ​សង្កេត​ឃើញ​មាន​ ការ​ស្ទង់​មតិ​ផ្សេង​ៗ​បាន​បង្ហាញ​ថា​ សន្ទុះ​គាំទ្រ​លោក​ ប្រយុទ្ធ​ និង​គណបក្ស​​ថៃ​រួបរួម​ជាតិ (UTNP) ​របស់​លោក​ កំពុង​ស្ថិត​នៅ​ក្រោម​សន្ទុះ​នៃ​ការ​គាំ​ទ្រ​លើ​​គណបក្ស​ភឿ​ថៃ​ របស់​​អ្នក​នយោបាយ​វ័យ​ក្មេង​លោក​ស្រី​ ​ភែតង​តាន​​  និង​គណបក្ស​​ Move Forward ​ដែល​គាំ​ទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​ របស់​លោក ភី​តា លីម​ចារឺ​នរ៉ា​ត ​(Pita Limjaroenrat)។

ខណៈ​​សន្ទុះ​នៃ​ការ​គាំ​ទ្រ​គណបក្ស​ប្រឆាំង​​កំពុង​កើន​ឡើង​ខ្ពស់​សម្រាប់​ការ​បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ​ រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​ ២០១៧​ របស់​ថៃ​ ដែលតាក់​តែង​​​ដោយ​​របប​យោធា​របស់​លោក​ ប្រាយុទ្ធ​ បាន​​​​ជួយ​ដល់​គណបក្ស​ដែល​យោធា​គាំ​ទ្រ​​ក្នុង​ការ​​បង្កើត​រដ្ឋាភិបាល​។ ​ដើម្បី​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​ ​បេក្ខជន​ម្នាក់​ត្រូវ​តែ​ឈ្នះ​សម្លេង​ភាគ​ច្រើន​នៃ​សមាជិក​សភា​ជាន់​ទាប​ជាប់​ឆ្នោតចំនួន​​ ៥០០ នាក់​ ​​ព្រម​ទាំង​សមាជិក​ព្រឹទ្ធ​សភា​​ពី​ក្រុម​​យោធា​ចំនួន​ ២៥០ រូប​។  ​

​គណបក្ស​ភឿ​ថៃ​បាន​និយាយ​ថា​ ខ្លួន​កំពុង​កំណត់​គោលដៅ​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការ​បោះ​ឆ្នោត​ ដើម្បី​កុំ​​ឱ្យ​​យោធា​រា​រាំង​ខ្លួន​មិន​ឱ្យ​​អំណាច​បាន​ ​ដូច​អ្វី​​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៩​ នៅ​ពេលដែល​​គណបក្ស​នេះ​ ​​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​ ប៉ុន្តែមិន​អាច​​បង្កើត​រដ្ឋាភិបាល​​ ដោយ​សារ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​មិន​លើស​លុប​។ 

លោក​ស្រី ភែត​ង​តា​ន និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​​៖ «​ខ្ញុំ​ជឿ​ថា​​ចំណុច​ខ្លាំង​របស់​ភឿ​ថៃ ​​​គឺ​គណបក្ស​ខ្លួន​ឯង​ មិន​មែន​ខ្ញុំ​ទេ​។​ ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​​នាំ​មុខ​ខ្ញុំ​។​ ​ខ្ញុំ​​ជឿ​​​ថា​​ប្រជាជន​​ជ្រើស​​រើស​​បក្ស​​ដោយ​​សារ​​គោល​​នយោបាយ​​របស់​​យើង​។​ នោះ​​ជា​​ចំណុច​​ខ្លាំង​​របស់​​យើង​»​។​

​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ប្រាយុទ្ធ ​ថៃ​បាន​​ប្រឈម​មុខ​​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​ងើប​ឡើង​វិញ​ពី​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​នៃ​វិបត្តិ​កូវីដ-​១៩​។​ ​​យោង​តាម​​ធនាគារ​ពិភព​លោក ​ថៃ​គឺ​ជា​ប្រទេស​​តែ​មួយ​គត់​នៅ​អាស៊ី​អាគ្មេយ៍​ ក្រៅ​ពីតែ​​​មីយ៉ាន់ម៉ា​ ដែល​​ផលិត​ផល​ក្នុង​ស្រុក​សរុប​ មិន​ទាន់​ងើប​ទៅ​កម្រិត​មុន​វិបត្តិ​កូវីដ​ ខណៈ​បញ្ហា​នយោបាយ​របស់​ថៃ​ក្នុង​រយៈ​ពេល​​មួយ​ទសវត្សរ៍​ចុង​ក្រោយ​គឺ​ជា​ផ្នែក​មួយ​នៃ​ភាព​ទ្រុធ​ទ្រោម​៕

ប្រែសម្រួល៖ ហួន ឌីណា

​ប្រភព​៖ Thai PM Prayut touts experience ahead of tough election  

​​​ Thailand’s political hopefuls register for May election

ads banner