កម្ពុជាម្ចាស់ផ្ទះប្រជែងដណ្តើមបានមេដាយមាសច្រើនជាងក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣
ភ្នំពេញ ៖ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ មាន ៤ប្រទេស ចូលរួមមាន កម្ពុជា វៀតណាម ឡាវ និងហ្វីលីពីន ដំណើរការប្រកួតរយៈពេល ៣ថ្ងៃនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយកម្ពុជាម្ចាស់ផ្ទះដណ្តើមបានមេដាយច្រើនជាងគេ ខណៈឡាវ ឈរចំណាត់ថ្នាក់លេខ២។

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធ បានលើកឡើងថា ក្បាច់គុនល្បុក្កតោ ពេលនេះ គឺជាកម្មសិទ្ធិរួមមួយរបស់មនុស្សជាតិលើពិភពលោក ព្រោះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយ នៃមនុស្សជាតិ ដោយអង្គការយូនីសស្គូ។ ឯកឧត្តម ប្រធានសហព័ន្ធ បញ្ជាក់ទៀតថា ជាការបន្តនិរន្តរភាព នៃកីឡាដែលមានកំណើតពីអាស៊ីអាគ្នេយ៍មួយនេះអាចបន្តទៅមុខបាន គឺត្រូវការចូលរួមរបស់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីទាំងអស់ ដើម្បីជម្រុញបន្តទៅលើពិភពលោកទៀត។

ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នឹងទទួលយកការប្រឹក្សានូវយុទ្ធសាស្ត្របំពេញ និងកែសម្រួលចំណុចខ្វះខាតឲ្យខាងតែបាន ដើម្បីកែតម្រូវក៏ជាកត្តាសំខាន់ដែលយើងទាំងអស់គ្នាត្រូវគិតគូរ។

សូមជម្រាបថា ជាលទ្ធផលកម្ពុជាឈរនៅចំណាត់លេខ១ ជាប្រទេសដណ្តើមបានមេដាយច្រើនជាងគេ សរុប ៣៣គ្រឿង ក្នុងនោះមេដាយមាស ១១គ្រឿង មេដាយប្រាក់ ១០គ្រឿង និងសំរិទ្ធ ១២គ្រឿង។ ប្រទេសឡាវ ឈរលេខ២ ដណ្តើមបានមេដាយសរុប ២៤គ្រឿង មាស ៥គ្រឿង ប្រាក់ ៧គ្រឿង និងសំរិទ្ធ ១២គ្រឿង ប្រទេសវៀតណាមឈរនៅចំណាត់លេខ៣ សរុប ៩គ្រឿង ដណ្តើមបានមេដាយមាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរិទ្ធ ៣គ្រឿងនិងប្រទេស ហ្វីលីពីនឈរនៅចំណាត់លេខ៤ ដណ្តើមមេដាយសរុប ៦គ្រឿង មាស ២ ប្រាក់ ១ និងសំរិទ្ធ ៣គ្រឿង ៕



រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ