ប្រធានរដ្ឋ ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាដើមខែឧសភា ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាដើមខែឧសភា ខាងមុខនេះ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំធ្វើឡើងនៅ ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ មានកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងដោយមាន ការអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់ក្រសួងព្រះបរមរាជវាំង តំណាងក្រសួង រដ្ឋលខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា បានសម្រេចកំណត់រូបភាពចាត់តាំង និងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ។

ឯកឧត្តមប្រធាន បានជម្រាបជូនថា តាមកាលបរិច្ឆេទនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់គឺនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក គណៈប្រតិភូជាន់ខ្ពស់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

យោងតាមស្មារតីនៃកិច្ចប្រជុំដដែលនេះដែរ គណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា , គណៈប្រតិភូក៏នឹងបន្តដំណើរទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កានៅមណ្ឌបព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅសួនច្បារខាងកើតវិមានឯករាជ្យ, ចូលជួបសាវនាការជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា , ចូលជួបសាវនាការជាមួយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើចូលរួមក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឈិន កេតនា ក៏បានសំណូមពរឲ្យតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner