រដ្ឋមន្ត្រីផែនការ៖ លទ្ធផលដែលទទួលបានពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ គឺមានគុណភាពខ្ពស់ស្របតាមនិយាមអន្តរជាតិ

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២២ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ គឺមានគុណភាពខ្ពស់ស្របតាមនិយាមអន្តរជាតិ បង្ហាញអំពីព័ត៌មានលំអិត និងអាចជឿទុកចិត្តបាន អំពីចរិតលក្ខណៈប្រជាសាស្ត្រ សង្គមសម្រាប់គ្រួសារ ការវាស់វែងពីសូចនាករប្រជាសាស្រ្ត និងសុខភាព ដែលឆ្លើយតបទៅនឹងតម្រូវការសម្រាប់រៀបចំផែនការ គោលនយោបាយ និងតាមដាន ត្រួតពិនិត្យ វាយតម្លៃនៃការខិតខំសម្រេចបានរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៏ លើផ្នែកសុខភាព ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ អនុវត្តកម្មវិធីសុខាភិបាល ដូចជា ផែនការគ្របដណ្តប់ចាក់ថ្នាំបង្ការ កម្មវិធីសុខាភិបាល ផ្តល់សេវាសុខាភិបាល កម្មវិធីសុខភាពមាតា និងទារក កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទា សម្រាប់ជនពិការ កម្មវិធីនារីរតនៈរបស់ក្រសួងកិច្ចការនារី និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបន្តថា លើសពីនេះទៀត លទ្ធផលអង្កេតនេះ ក៏នឹងបំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ លេខាធិការអាស៊ាន និងអន្តរជាតិ ពិសេសលទ្ធផលអង្កេតប្រជាសាស្ត្រ និងសុខភាពនេះ នឹងផ្តល់ឱ្យរដ្ឋាភិបាលធ្វើរបាយការណ៍អំពីវឌ្ឍនភាពស្ត្រីប្រចាំឆ្នាំជូនអង្គការសហប្រជាជាតិផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានផ្តល់នូវអនុសាសន៍មួយចំនួនថែមទៀត ក្នុងគោលបំណងពង្រឹងកាងារជំរឿន អង្កេត ក៏ដូចជាការងាររៀបចំ និងគ្រប់គ្រងការងារស្ថិតិ ទៅលើចំណុច សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១.ត្រូវប្រើប្រាស់ទិន្នន័យអង្កេតដែលមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយ ក្នុងការរៀបចំគោលនយោបាយ ការសម្រេចចិត្តនានា និងដើម្បីគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែង ការអនុវត្តសម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកម្មវិធីផ្សេងៗទៀត។
ទី២.ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យអង្កេតតាមប្រធានបទឱ្យបានគ្រប់ជ្រុងជ្រោយ សំបូរបែប ធានាឆ្លើយតបនឹងសេចក្តីត្រូវការប្រីប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សាស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ក្រោមជាតិ តាមដែលអាចធ្វើបាន។
ទី៣.ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូអភិវឌ្ឍន៍ សម្រាប់ធ្វើជំរឿន អង្កេតនានាផ្សេងៗទៀត ដែលសុទ្ធសឹងមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ទី៤.ត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សជាប្រចាំ ពីព្រោះថា ការងារស្ថិតិ ជាការងារលំបាកស្មុគស្មាញពាក់ព័ន្ធនឹងគ្រប់វិស័យ ទាមទារការបណ្តុះបណ្តាល និងបទពិសោធន៍អនុវត្តជាក់ស្តែង ក្នុងការធ្វើជំរឿន អង្កេត ដែលជា ការបណ្តុះបណ្តាល ក្នុងការងារជាក់ស្តែងផងដែរ។ កិច្ចការនេះក៏បានលើកឡើងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។ ម៉្យាងទៀតការផ្សព្វផ្សាយទិន្នន័យជំរឿន ឱ្យបានទូលំទូលាយ ដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ជាកិច្ចការសំខាន់ណាស់ដែរ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ។
ទី៥.ត្រូវពង្រឹងប្រព័ន្ធស្ថិតិជាតិឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងការអនុវត្តបទបញ្ញត្តិ ស្ថិតិ យន្តការសម្របសម្រួលដោយក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ ជាដើម ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធស្ថិតិ ឱ្យស្របតាមច្បាប់ស្តីពីស្ថិតិ និងស្របតាម យុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដើម្បីជៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទើស ក្នុងការផ្សព្វផ្សាយលទ្ធផល ក៏ដូចជា ប្រសិទ្ធភាព និងការទទួលបាននូវទិន្នន័យ ស្ថិតិគ្រប់ជ្រុងជ្រោយដែលមានគុណភាព គួរទុកចិត្តបាន៕
ដោយ៖ពលជ័យ
រូបភាព​៖ក្រសួងផែនការ

ads banner