ហ្វាំងឡង់​នឹង​ចូល​ជា​សមាជិកអង្គការ​ណាតូ​នៅ​ថ្ងៃ​អង្គារ​នេះ

​ណាតូ៖អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា នៅថ្ងៃទី៤ ខែមេសា​ប្រទេសហ្វាំងឡង់​នឹងក្លាយជាសមាជិកទី៣១នៃអង្គការសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតនៅលើពិភពលោក​។ការណ៍នេះបានជំរុញឱ្យរុស្ស៊ីធ្វើកា​រព្រមានថា ខ្លួននឹងពង្រឹងការការពារនៅតាមព្រំដែនបន្ថែមទៀត ប្រសិនបើអង្គការណាតូហ៊ានដាក់ពង្រាយកងទ័ពទៅក្នុងប្រទេសសមាជិកថ្មីនេះ។​ លោក Stoltenberg បានប្រាប់អ្នកសារព័ត៌មាននៅមុនថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសសមាជិកអង្គការណាតូ នៅទីក្រុងព្រុចសែល

ប្រទេសបែលហ្ស៊ិកថា​​ «សប្តាហ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ចារក្នុងប្រវត្តិសាស្ត្រ»។ លោកបន្តថា «ចាប់ពីថ្ងៃអង្គារទៅ ប្រទេសហ្វាំងឡង់នឹងក្លាយជាសមាជិកពេញលេញនៃអង្គការសម្ព័ន្ធភាពណាតូ»។ លោកក៏បានសង្ឃឹម​ផងដែរ​ថា ប្រទេស​ស៊ុយអែត​នឹង​អាច​ចូល​ជា​សមាជិកអង្គការ​ណាតូ​នៅប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​

នៅរសៀលថ្ងៃអង្គារអតីតនាយករដ្ឋមន្ត្រីប្រទេសន័រវែសបានថ្លែងថា «យើងនឹងលើកទង់ជាតិរបស់ប្រទេសហ្វាំងឡង់ជាលើកដំបូងនៅទីនេះគឺទីស្នាក់ការអង្គការណាតូ។ វានឹងក្លាយជាថ្ងៃដ៏ល្អមួយសម្រាប់សន្តិសុខរបស់ប្រទេសហ្វាំងឡង់ សន្តិសុខប្រទេសក្នុងតំបន់ណ៎ឌិក (Nordic countries) និងដើម្បីអង្គការណាតូទាំងមូល។​

អគ្គលេខាធិការអង្គការណាតូក៏បានរំលេចដែរថា «ប្រទេសតួកគី ដែលជាប្រទេសចុងក្រោយដែលបានផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសហ្វាំងឡង់នឹងប្រគល់លិខិតផ្លូវការរបស់ខ្លួនជូនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) នៅថ្ងៃអង្គារនេះ។

លោក Stoltenberg ក៏បានបញ្ជាក់បន្ថែមដែរថា លោកនឹងធ្វើការអញ្ជើញភាគីហ្វាំងឡង់ឱ្យធ្វើដូចគ្នាផងដែរ។

គួរដឹងដែរថា ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក Sauli Niinistö រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Antti Kaikkonen និង​ រដ្ឋមន្ត្រីក្រសួងការបរទេស លោក​ Pekka Haavisto ក៏នឹងចូលរួមក្នុងពិធីនេះជាមួយគ្នាផងដែរ។​

«វា​គឺជាពេលវេលាក្នុងប្រវត្តិសាស្ត្រ​មួយសម្រាប់ពួក​យើង។ សម្រាប់ប្រទេសហ្វាំងឡង់ គោលបំណងដ៏សំខាន់បំផុតនៅក្នុងកិច្ចប្រជុំនេះគឺដើម្បីបញ្ជាក់ពីការគាំទ្ររបស់អង្គការណាតូទៅកាន់ប្រទេសអ៊ុយក្រែនដែលរុស្ស៊ីកំពុងបន្តធ្វើការឈ្លា​នពានដោយខុសច្បាប់»។ នេះជាប្រសាសន៍របស់លោក Haavisto ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ​។

លោកបានបញ្ជាក់បន្ថែមថា​ «យើងនឹងធ្វើគ្រប់មធ្យោបាយដើម្បីលើកកម្ពស់ស្ថិរភាព និងសន្តិសុខនៅទូទាំងតំបន់អឺរ៉ុប និងអាមេរិកខាងជើង ឬហៅថាតំបន់អឺរ៉ូអាត្លង់ទិក (Euro-Atlantic)។​ ចំណេកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានព្រមានថា

«ទីក្រុងមូស្គូនឹងឆ្លើយតបទៅនឹងការដែលប្រទេសហ្វាំងឡង់បានក្លាយជាសមាជិករបស់អង្គការណាតូ តាមរយៈការពង្រឹងប្រព័ន្ធការពាររបស់ខ្លួនបន្ថែមទៀត ប្រសិនបើកាលៈទេសៈចាំបាច់ឈានមកដល់»។ លោក Grushko បានថ្លែងនៅក្នុងសុន្ទរកថាដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីមួយឈ្មោះថា RIA Novosti ថា «យើងនឹងពង្រឹងសក្តានុពលយោធារបស់យើងនៅភាគខាងលិច និងនៅភាគពាយ័ព្យ។ ក្នុងករណីដែលអង្គការណាតូដាក់ពង្រាយកងកម្លាំងរបស់ពួកគេនៅលើ

ទឹកដីប្រទេសហ្វាំងឡង់ យើងនឹងចាត់វិធានការបន្ថែមទៀត ដើម្បីអាចធានាបាននូវសន្តិសុខយោធារបស់រុស្ស៊ី»។​ គួរកត់សម្គាល់ថា នាយករដ្ឋមន្ត្រីឆ្វេងនិយម លោកស្រី សាន​ ម៉ារីន (Sanna Marin) បានទទួលជោគជ័យក្នុងការដែលបានដឹកនាំប្រទេសហ្វាំងឡង់ឱ្យចូលជាសមាជិកអង្គការណាតូ ប៉ុន្តែលោកស្រីបានបាត់បង់ឱកាសក្នុងការបន្តដឹកមួយអាណត្តិទៀតដោយបានចាញ់ឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅ។ប៉ុន្តែការចូលជាសមាជិកអង្គការណាតូ ទទួលបា​នការគាំទ្រទូទាំងប្រទេស ហើយក៏មិនត្រូវបានគេមើលឃើញថាជាមូលហេតុនៃការចាញ់ឆ្នោតរបស់លោកស្រីនោះទេ។

​កន្លងមក សម្ព័ន្ធមិត្តទាំង ៣០ ប្រទេសរបស់អង្គការណាតូ បានចុះហត្ថលេខាលើពិធីសារសុំចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែតរួចមកហើយ ប៉ុន្តែប្រទេសតួកគី និងប្រទេសហុងគ្រីបានពន្យារពេលដំណើរការពិធីសារនោះអស់ជាច្រើនខែ តែទីបំផុតក៏បានអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ចូលជាសមាជិកបានសម្រេច។

ប្រទេសតួកគីតែងតែបានស្វែងរកការធានាពីសំណាក់ប្រទេសទាំងពីរ ជាពិសេសលើការដោះស្រាយបញ្ហាជ្រុលនិយមនៅក្នុងប្រទេសរបស់ពួកគេ។ ដោយឡែក ប្រទេសហុងគ្រី ហាក់ដូចជាមិនបានលើកឡើងឱ្យបានច្បាស់ពីការទាមទាររបស់ខ្លួននោះទេ។​

ជាគោលការណ៍ ការចូលជាសមាជិកថ្មីរបស់អង្គការណាតូ គឺតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកទាំងអស់ ហើយសមាជិកភាគច្រើនមានបំណងចង់ឱ្យប្រទេសស៊ុយអែតចូលជាសមាជិកឱ្យបានមុនពេលដែលប្រធានាធិបតីស​ហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងសមភាគីសម្ព័ន្ធមិត្ត រៀបចំកិច្ចប្រជុំកំពូលនៅរដ្ឋធានីវីលនីញូស (Vilnius) ប្រទេសលីទុយអានី នៅថ្ងៃទី១១ និងទី១២ ខែកក្កដាខាងមុខនេះ។ ​

លោក Stoltenberg បានលើកឡើងថា «ស៊ុយអែតមិនត្រូវបានទុកឱ្យនៅម្នាក់ឯងនោះទេ ហើយស៊ុយអែតជាប្រទេសដែលមានភាពជិតស្និទ្ធដូចទៅនឹងសមាជិកពេញសិទ្ធិរបស់អង្គការណាតូទៅហើយ»។ បន្ថែមលើនេះ លោកក៏បានជំរុញឱ្យប្រទេសតួកគីផ្តល់សច្ចាប័នលើពិធីសារចូលជាសមាជិករបស់ប្រទេសនេះឱ្យបានឆាប់រហ័សផងដែរ៕​ប្រែសម្រួល៖ធា សុណា

ads banner