អូស្ត្រាលីហាមប្រើកម្មវិធីទីក តុក លើឧបករណ៍អេឡិចត្រូនិកទាំងអស់របស់រដ្ឋាភិបាលក្រោមហេតុផលសុវត្ថិភាព
កង់បេរ៉ា៖អូស្ត្រាលីប្រកាសហាមឃាត់ចំពោះការប្រើប្រាស់បណ្ដាញសង្គមទីក តុក( TikTok )លើគ្រប់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ។ ការសម្រេចនេះធ្វើឡើងនៅថ្ងៃទី០៤ខែមេសា ក្រោមហេតុផល ព្រួយបារម្ភអំពីសុវត្ថិភាពឌីជីថលឬព្រួយបារម្ភពីការលួចទិន្នន័យតាមរយៈកម្មវិធី TikTok។
អូស្ត្រាលីជាប្រទេសសម្ព័ន្ធមិត្តចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកដែលចាត់វិធានការប្រឆាំងនឹងបណ្ដាញសង្គមដ៏ល្បីល្បាញទីកតុក របស់ចិន។
ការសម្រេចរបស់អូស្ត្រាលីនេះ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងក្នុងករណីដែលចោទថាចិនអាចប្រើប្រាស់ទីកតុកដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នៅអូស្ត្រាលី ក្នុងចេតនានយោបាយរបស់ខ្លួន ដែលបំផ្លាញផលប្រយោជន៍សន្តិសុខជាតិរបស់លោកខាងលិច។ការណ៍នេះ ក៏អាចនឹងនាំឱ្យមានភាពតានតឹងផ្នែកការទូតកាន់តែខ្លាំង រវាងអូស្ត្រាលី និងចិន។
TikTok និយាយថា វាជាការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អូស្ត្រាលី ហើយហៅការសម្រេចនេះថា ជាការសម្រេចក្រោមរបៀបរវារៈនយោបាយ។
ប្រធានគណៈមេធាវីរបស់រដ្ឋាភិបាលអូស្ត្រាលីលោក Mark Dreyfus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំរាមបែបនេះនឹងចូលជាធរមានកាន់តែឆាប់តាមដែលអាចអនុវត្តបាន។លោក បន្ថែមថា ការលើកលែងនឹងត្រូវបានផ្តល់ឱ្យតែលើករណីណាមួយដែលមានហេតុផលសន្តិសុខសមស្របប៉ុណ្ណោះ។ គិតមកដល់ពេលនេះសមាជិកទាំងអស់នៃបណ្តាញចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ Five Eyes
ដែលមានប្រទេសអូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនូវែលសេឡង់ សុទ្ធតែបានហាមឃាត់ទីកតុក ពីឧបករណ៍របស់រដ្ឋាភិបាល។ ប្រទេសបារាំង បែលហ្សិក និងគណៈកម្មការអឺរ៉ុប ក៏បានប្រកាសហាមប្រាមស្រដៀងគ្នានេះដែរ។
ទោះជាយ៉ាងណាក្ដី ក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខសភាសហរដ្ឋអាមេរិកកាលពីខែមុននាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានបដិសេធម្តងហើយម្តងទៀតថា ទិន្នន័យរបស់ក្រុមហ៊ុនលោកមិនត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលនៃប្រទេសណាមួយឡើយ។
លោក Lee Hunter អ្នកគ្រប់គ្រងទូទៅរបស់ TikTok នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បាននិយាយថា ៖«គ្មានភ័ស្តុតាងណាមួយដែលបង្ហាញថា TikTok បង្កហានិភ័យសុវត្ថិភាពដល់ប្រជាជនអូស្ត្រាលីក្នុងវិធីណាមួយឡើយ»។
កាសែតអូស្ត្រាលីកាលពីល្ងាចថ្ងៃចន្ទបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានយល់ព្រមលើការហាមឃាត់លើការប្រើប្រាស់ TikTokលើឧបករណ៍ទាំងអស់របស់រដ្ឋាភិបាល បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យដោយនាយកដ្ឋានកិច្ចការផ្ទៃក្នុង។
ការហាមប្រាមនេះធ្វើឡើងនៅចំថ្ងៃដែលមន្ត្រីអូស្ត្រាលី និងចិនបានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ក្នុងគោលបំណងធ្វើឱ្យស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរវិលទៅរកប្រក្រតីភាពឡើងវិញ ។
កាលពីឆ្នាំ២០១៨ អូស្ត្រាលីបានហាមប្រាមក្រុមហ៊ុន Huawei របស់ចិនមិនលើករណីដំណើរការបណ្តាញ 5G ដែលធ្វើឱ្យប្រទេសចិនមានការភ្ញាក់ផ្អើល។បន្ទាប់មកចិនខឹងអូស្ត្រាលីជាខ្លាំងបន្ទាប់ពីទីក្រុងកង់បេរ៉ាអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃ COVID-19។ប្រទេសចិនបានឆ្លើយតបដោយដំឡើងពន្ធបន្ថែមលើទំនិញអូស្ត្រាលី។
ទោះជាយ៉ាងណាក្ដី សមាជិកសភាអូស្ត្រាលីនៅតែអាចប្រើប្រាស់ TikTok នៅលើទូរសព្ទផ្ទាល់ខ្លួនបាន។ សារព័ត៌មានរាយការណ៍ថា រដ្ឋមន្ត្រីសេវារដ្ឋាភិបាលសហព័ន្ធលោក Bill Shorten និងនាយករដ្ឋមន្ត្រីរដ្ឋ Victoria លោក Daniel Andrews បានសម្រេចចិត្តលុបគណនីទីកតុករបស់ខ្លួនរួចបាតទៅហើយ៕
ដោយ៖វណ្ណ ស័ក្ដិ