ឆេះផ្សារលក់សម្លៀកបំពាក់ដ៏ពេញនិយមមួយ នៅបង់ក្លាដេស
ដាកា៖ គ្រោះអគ្គិភ័យយ៉ាងធំមួយបានកើតឡើង នៅផ្សារលក់សម្លៀកបំពាក់ដ៏ពេញនិយមមួយកន្លែង ស្ថិតក្នុងរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស ប៉ុន្តែពុំមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួសនោះទេ។
ផ្សារ បាងហ្កាបាហ្សា (Bangabazar) ដែលល្បីឈ្មោះខាងសម្លៀកបំពាក់ធូរថ្លៃ ត្រូវបានភ្លើងចាប់ផ្តើមឆាបឆេះ កាលពីវេលាម៉ោង៦ព្រឹក។ ភ្នាក់ងារពន្លត់អគ្គិភ័យមកពីខ្ទង់ ៥០អង្គភាព រួមទាំងសមាជិកកងកម្លាំងយោធាបានរួមសហការគ្នា ក្នុងកិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យមួយនោះ។ អាជ្ញាធពន្លត់អគ្គិភ័យបានឱ្យដឹងថា តូបលក់ឥវ៉ាន់ភាគច្រើន ក្នុងចំណោមតូបប្រមាណជា៣,០០០ គឺត្រូវបានភ្លើងឆេះអស់ក្លាយទៅជាផេះ ខណៈភ្លើងរាលដាលយ៉ាងឆាប់រហ័ស។
រហូតមកដល់ព្រឹកថ្ងៃទី៥ មេសានេះ យោងតាមការអះអាងរបស់អាជ្ញាធរបង់ក្លាដែស គឺពុំទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ឬរបួស ក្នុងហេតុការណ៍នោះទេ ដ្បិតវាបានកើតឡើង កំលុងពេលព្រឹកព្រលឹម ជាពេលដែលតូបភាគច្រើនមិនទាន់បើកទ្វារលក់ដូរនៅឡើយ។
គ្រោះអគ្គិភ័យតែងតែកើតមានឡើងជាញឹកញាប់ នៅតាមទីតាំងពាណិជ្ជកម្ម ក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ ដោយសារតែភាពធូររលង់នៃស្តង់ដាសុវត្ថិភាព៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

