លោក Trump ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន ៣៤
ញូវយ៉ក៖ លោក Trump ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន ៣៤ តែលោកថា មិនមានកំហុស។
មេធាវីតំបន់ មេនហាតាន (Manhattan) បាននិយាយកាលពីរសៀលថ្ងៃអង្គារថា អតីតប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន៣៤ កើតចេញពីលុយកាក់ដែលបង់ឱ្យតារាអាសអាភាស មុនការបោះឆ្នោតឆ្នាំ ២០១៦។
លោក Trump ដែលត្រូវបានតុលាការកាត់ទោស នៅ មេនហាតាន (Manhattan) ក្នុងទីក្រុងញូវយ៉ក និងបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ប៉ុន្តែតាមសេចក្តីរាយការណ៍ លោកបានអះអាងថា មិនមានកំហុសទេ។
មេធាវី លោក អាល់វីន ប្រាគ (Alvin Bragg) បានប្រកាសពីការចោទប្រកាន់ បន្ទាប់ពីការកាត់ក្តីរបស់លោក Trump ដោយចោទប្រកាន់គាត់ពីបទ “ក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅញូវយ៉ក ដើម្បីលាក់បាំងព័ត៌មានដែលបំផ្លិចបំផ្លាញ និងសកម្មភាពខុសច្បាប់ពីអ្នកបោះឆ្នោតអាមេរិកមុន និងក្រោយការបោះឆ្នោតឆ្នាំ ២០១៦”។
ក្នុងអំឡុងពេលបោះឆ្នោត លោក Trump និងអ្នកផ្សេងទៀតបានប្រើប្រាស់គ្រោងការណ៍ catch and Kill ដើម្បីកំណត់អត្តសញ្ញាណ ទិញ និងកប់ព័ត៌មានអវិជ្ជមានអំពីរូបលោក និងជំរុញការរំពឹងទុកការបោះឆ្នោតរបស់លោក នេះបើយោងតាមការិយាល័យរបស់មេធាវី ប្រាគ (Bragg) នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
បន្ទាប់មក លោក Trump បានព្យាយាមលាក់បាំងការប្រព្រឹត្តនេះ ដោយបណ្តាលឱ្យមានការបញ្ចូលព័ត៌មានមិនពិតជាច្រើន នៅក្នុងកំណត់ត្រាអាជីវកម្ម ដើម្បីលាក់បាំងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងការប៉ុនប៉ងបំពានច្បាប់បោះឆ្នោតរបស់រដ្ឋ និងសហព័ន្ធ។
យ៉ាងណាមិញ លោក Trump បានបដិសេធការធ្វើខុស ហើយបានបញ្ជាក់ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលដឹកនាំដោយ មេធាវី Bragg ក្រោមហេតុផលនយោបាយ៕ ប្រភពពី Xinhua ប្រែសម្រួលដោយ៖ សារ៉ាត

