អាមេរិកថា មេក្លោងក្រុមរដ្ឋឥស្លាមរៀបចំផែនការវាយប្រហារអឺរ៉ុប ត្រូវបានសម្លាប់
ប្រធានក្រុមរដ្ឋអ៊ីស្លាម (IS) ដែលបានរៀបចំផែនការវាយប្រហារអឺរ៉ុប ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅស៊ីរី នេះបើតាមយោធាអាមេរិក។
កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ នៅក្នុងប្រទេសស៊ីរី ដោយសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមរដ្ឋអ៊ីស្លាម (IS) លោក ខាលីដ អេដ អាម៉េត អាល់ ចាប៊ូរី (Khalid Aydd Ahmad al-Jabouri) “ទទួលខុសត្រូវចំពោះផែនការវាយប្រហាររបស់ រដ្ឋអ៊ីស្លាម ចូលទៅក្នុងអឺរ៉ុប” នេះបើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក សិនខំ (CENTCOM) មិនបានផ្តល់ព័ត៌មានលម្អិតអំពីកន្លែងណា នៅក្នុងប្រទេសស៊ីរី ដែលការវាយប្រហារត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ ប៉ុន្តែបាននិយាយថា “មិនមានជនស៊ីវិលត្រូវបានសម្លាប់ ឬរងរបួសទេ” ។
ប្រធានទីបញ្ជាការ សិនខំ (CENTCOM) ឧត្តមសេនីយ៍ មៃឃើល គួរីឡា (Michael Kurilla) បាននិយាយថា «ទោះបីជាមានការបន្ធូរបន្ថយឥទ្ធិពលក៏ដោយ” ក៏ក្រុមជីហាដ ដែលត្រូវបានបណ្តេញចេញពីទឹកដីចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី នៅឆ្នាំ ២០១៩ “នៅតែអាចធ្វើប្រតិបត្តិការនៅក្នុងតំបន់ ដោយមានបំណងចង់វាយប្រហារហួសពីមជ្ឈិមបូព៌ា»។
ក្រុមរដ្ឋអ៊ីស្លាម (IS) បានអះអាងពីការវាយប្រហារដ៏សាហាវជាច្រើន នៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការវាយប្រហារ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស និងជាយក្រុងរបស់ខ្លួន ដែលបានសម្លាប់មនុស្ស ១៣០ នាក់ និងការវាយប្រហារមួយផ្សេងទៀត នៅទីក្រុង ណៃស៍ (Nice) របស់បារាំង កាលពីខែកក្កដា ឆ្នាំ ២០១៦ ដែលបានសម្លាប់មនុស្ស ៨៦ នាក់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត
