អង្គការ WCS បានបណ្តុះបណ្តាលការចិញ្ចឹមត្រីនៅក្នុងស្រះដល់កសិករ ដើម្បីកាត់បន្ថយការនេសាទនៅក្នុងតំបន់អភិរក្ស
ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបន្តបណ្តុះបណ្តាលការចិញ្ចឹមត្រីនៅក្នុងតង់ប្លាស្ទិក និងក្នុងស្រះ ទៅដល់កសិករក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីផ្ដល់ជំនាញបន្ថែមលើរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់សហគមន៍ជាពិសេសគឺកាត់បន្ថយការចុះទៅនេសាទ អណ្តើកហ្លួង ក្រពើត្រី ក្នុងតំបន់អភិរក្ស។
យោងការចុះផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នាថ្ងៃទី៥ ខែមេសា បានឱ្យដឹងថា អង្គការសមាគមអភិរក្សសត្វព្រៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការចិញ្ចឹមត្រីនៅក្នុងតង់ប្លាស្ទិក បែ និងក្នុងស្រះ» ចំនួន២វគ្គ រយៈពេលពីរថ្ងៃ កាលពីចុងខែមីនាកន្លងទៅ ដល់កសិករចំនួន៣៩នាក់ ស្រ្តី២២នាក់ ដែលមកពីភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការឧបត្ថម្ភថវិកាពី US Forest Service ក្រោមគម្រោងការអភិរក្សអណ្តើកហ្លួងតាមរយៈការអភិវឌ្ឍន៍សហគមន៍នេសាទ និងការអភិវឌ្ឍវារីវប្បកម្មក្នុងសហគមន៍មូលដ្ឋានតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្កកោះកុង និងខេត្តព្រះសីហនុ។

ប្រភពដដែលបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនៃការចិញ្ចឹមត្រីក្នុងតង់ប្លាស្ទិក បែ និងក្នុងស្រះ នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងផ្តល់ជំនាញបន្ថែមលើរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការចុះទៅនេសាទត្រីធម្មជាតិក្នុងតំបន់អភិរក្សបន្តទៀត និងបង្កើនការចូលរួមរបស់សហគមន៍ក្នុងការងារអភិរក្សធនធានជលផលដែលកំពុងមានការធ្លាក់ចុះ និងជាពិសេសគឺអណ្តើកហ្លួង និងក្រពើត្រី។
ជុំវិញរឿងនេះ លោក សោម ស៊ីថា ប្រធានគម្រោងនៃអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា ខាងអង្គការរបស់លោក បានធ្វើការងារអភិរក្សធនធានជលផលអស់ពេលជាច្រើនឆ្នាំមកហើយ ជាពិសេសប្រភេទអណ្ដើកហ្លួង ក្រពើត្រី ដែលកំពុងស្ថិតក្នុងស្ថានភាពរងហានិភ័យ។ ដូច្នេះហើយដើម្បីអាចអភិរក្សប្រភេទជលផលទាំងនោះបាន គឺខាងអង្គការក៏ត្រូវតែផ្ដោតទៅលើការងារលើកស្ទួយជីវភាពប្រជាជន ដើម្បីឱ្យប្រជាជននៅមូលដ្ឋាន អាចរកប្រាក់ចំណូលបានប្រចាំថ្ងៃ ក្រៅពីការនេសាទនៅតាមទន្លេ ដោយចាប់ប្រភេទសត្វដែលជិតផុតពូជ ហើយក៏ចង់ឱ្យប្រជាជនត្រូវមានការចូលរួមដោយផ្ទាល់ជាមួយការងារអភិរក្សប្រភេទជលផលទាំងនោះផងដែរ។

លោកបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលកសិករឱ្យចិញ្ចឹមត្រីនេះ គឺបានអនុវត្តអស់ជាច្រើនឆ្នាំមកហើយ នៅតាមតំបន់គោលដៅការងាររបស់អង្គការ ហើយកន្លងមកនេះ ប្រជាជនដែលបានទទួលការបណ្ដុះបណ្ដាល ពួកគាត់បានផ្លាស់ប្ដូរឥរិយាបទ និងកាត់បន្ថយការនេសាទនៅតំបន់អភិរក្សជាដើម។ ក្រៅពីនេះពួកគាត់ក៏ងាកមកចូលរួមអភិរក្សថែមទៀត ខណៈដែលបានទទួលភាពជោគជ័យមួយចំនួន ប៉ុន្តែកម្មវិធីបណ្ដុះបណ្ដាលនេះ គឺអង្គការនៅតែបន្តធ្វើរហូតជូនទៅដល់កសិករ ពីព្រោះលោកសង្ឃឹមថាថ្ងៃក្រោយ នឹងមានអ្នកចូលរួមអភិរក្សកាន់តែច្រើនថែមទៀតផងដែរ។
លោកបន្តថា ស្របពេលដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលការចិញ្ចឹមនេះទៅដល់សហគមន៍ ក៏មានកត្តាមួយចំនួនទៀតដែលធ្វើឱ្យប្រភេទត្រីធម្មជាតិ ជាពិសេសអណ្ដើកហ្លួង និងក្រពើត្រី បានរងហានិភ័យពីការបំផ្លាញទីជម្រក ដូចជាការកាប់ព្រៃលិចទឹក ការទន្ទ្រានព្រៃនៅតាមដងព្រែក ហើយរួមទាំងការងារបូមយកខ្សាច់ផង។ លោកថា ការបូមយកខ្សាច់នេះភាគច្រើន គឺវាធ្វើឱ្យបាត់បង់ឆ្នេរខ្សាច់ និងលក្ខណៈជីវសាស្ត្ររបស់ទន្លេ ដែលប៉ះពាល់ដល់សត្វកម្ររួមមានអណ្ដើកហ្លួង ក្រពើត្រី ឫប្រភេទត្រីធម្មជាតិផ្សេងៗ ត្រូវបានបាត់បង់ប្រភេទសត្វកម្រទាំងនេះ។
លើសពីនេះទៀតលោកថា ការនេសាទស្របច្បាប់របស់ប្រជាជន ក៏ជាផ្នែកមួយនៃការធ្វើឱ្យប្រភេទសត្វកម្រទាំងនោះ ងាយរងហានិភ័យផងដែរ បើទោះបីជាកន្លងមកពួកគាត់បានទទួលការបណ្ដុះបណ្ដាលមុខរបរថ្មី ដើម្បីគេចចេញពីការរកចំណូលររបរនេសាទក៏ដោយ។ ទន្ទឹមនឹងនេះ លោកក៏មើលឃើញ ប្រជាជននៅតាមមូលដ្ឋានជាច្រើន បានយល់ដឹង និងមានចំណេះដឹងទាក់ទង់ប្រភេទសត្វកម្រទាំងនេះ ហេតុនេះពួកគាត់បានចូលរួមកាត់បន្ថយការនេសាទ និងប្រសិនជាពួកគាត់នេសាទបានប្រភេទសត្វកម្រទាំងនោះ គឺពួកគាត់តែងតែយកមកឱ្យអ្នកអភិរក្សជាដើម។ លោកបន្តថា៖ «យើងចង់ឱ្យមានការគាំទ្រទៅលើការងារអភិរក្សនេះឱ្យបានច្រើនថែមទៀត ប្រសិនជាមានថវិកាផ្ទាល់ពីខាងស្ថាប័នរាជរដ្ឋាភិបាល បានចូលរួមលើការងារអភិរក្សនេះបានមួយចំនួនទៀត វាក៏ល្អដែរ ដូចជាថវិការបស់រដ្ឋ ដើម្បីចុះល្បាត ហើយក៏សម្រាប់ការងារគ្រប់គ្រងលើតំបន់អភិរក្សរបស់យើងហ្នឹង»។
អង្គការ WCS បានឱ្យដឹងដែរថា ៖ «ក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមអណ្ដើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ពងបានចំនួន ៩ សម្បុក ស្មើ ៨១ ពង ហើយ
ញាស់បានចំនួន ៣០ កូន បើប្រៀបធៀបទៅនឹងរដូវពងកូន ឆ្នាំ ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោមពង ៥ សម្បុកដែលមាន ៧១ ពង»៕ ដោយ៖ជា សុខនី