​កូរ៉េ​ខាង​ជើង​៖ សម​​យុទ្ធ​​អាមេរិក​​-​​កូរ៉េ​ខាង​ត្បូង​ ជំរុញ​​ភាព​​តាន​តឹង​​ឱ្យ​ជិត​ធ្លាក់​ទៅ​ក្នុង​​​សង្គ្រាម​​នុយក្លេអ៊ែរ​

ព្យុងយ៉ាង៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​កូរ៉េខាង​ជើង​​ KCNA ​បាន​រាយការណ៍​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ០៦ ខែ​មេសា​ ​ថា​ ​កូរ៉េ​ខាង​ជើង​​​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ ថា​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​ភាព​តាន​​តឹង​ក្នុង​តំបន់ហៀប​​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​នុយក្លេអ៊ែរ​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​។

បើ​តាម​ការ​​ចុះផ្សាយ​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ KCNA បាន​​ផ្សាយ​បទ​អត្ថាធិ​ប្បាយ​​របស់​អ្នក​វិភាគ​សន្តិសុខ​អន្តរជាតិរបស់​​​​កូរ៉ខាង​ជើង​ ​លោក​​ Choe Ju Hyon ​ដែល​បាន​រិះ​គន់​សមយុទ្ធ​​​អាមេរិក​ និង​កូរ៉េខាង​ត្បូង​ ថា​​ជា​ ​«​ការ​ជំរុញ​ឱ្យ​ភាព​តាន​តឹង​​នៅ​​ឧបទ្វីប​កូរ៉េ​ ឈាន​​ដល់​ចំណុច​ផ្ទុះ​»។

​​ក្នុង​បទ​​អត្ថាធិ​ប្បាយ​នោះ​ លោក​ Choe បាន​សរសេរ​ថា​៖ «​​​ភាព​ច្របូក​ច្របល់​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​ដោយ​មិន​ប្រុង​ប្រយ័ត្ន​របស់​សហរដ្ឋ​អាមេរិក​ និង​​សម្ព័ន្ធ​មិត្ត​ ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ កំពុង​ជំរុញ​ឱ្យ​ស្ថានការណ៍​នៅ​​ឧបទ្វីប​កូរ៉េ​ ក្លាយ​ទៅ​ជា​​មហន្តរាយ​ដែល​មិន​អាច​បត់​ក្រោយ​…ដល់​​ហៀប​នឹង​ធ្លាក់​​ចូល​សង្រ្គាម​នុយក្លេអ៊ែរ​»។លោក​បន្ត​ថា​៖ «​​ឥឡូវ​នេះ​ សហគមន៍​អន្តរជាតិ​សង្ឃឹម​ជា​ឯកច្ឆ័ន្ទ​ថា​ ពពក​ខ្មៅ​ងងឹត​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ដែល​នៅ​ពី​លើ​​​ឧបទ្វីប​កូរ៉េ​ នឹង​ត្រូវ​រសាត់​ចេញ​ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​»។ ​

គួរ​បញ្ជាក់​ថា​ ការ​ចុះ​ផ្សាយ​អត្ថបទ​ដែល​សម្ដែង​ពីក្ដី​ព្រួយ​បារម្ភ​នៃ​ហានិភ័យ​សង្រ្គាម​នុយក្លេអ៊ែរ​​ចុង​ក្រោយ​នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង​ ​បាន​និង​កំពុង​​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​បន្ត​បន្ទាប់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង​ ដែល​បាន​បន្ត​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​​មិន​ចេះ​ឈប់​​ដូច​គ្នា​។ សម​យុទ្ធ​​របស់​អាមេរិ​ក និង​កូរ៉េខាង​ត្បូង ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នា​​កន្លង​មក​នេះ​ មាន​រួម​បញ្ជូល​​ទាំង​តាម​ដែន​​​អាកាស​ និង​សមុទ្រ​ ដោយ​ប្រើ​​នា​វា​​​ផ្ទុក​យន្តហោះ​ចម្បាំង​​ និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្រ្ត​​ B-1B ​និង ​B-52 របស់​អាមេរិក​ជា​ដើម​។  ​

ត្រង់​ចំណុច​នេះ​ លោក​ ​Choe បាន​សរសេរ​ក្នុង​បទ​​អត្ថាធិ​ប្បាយ​ដដែល​ថា​ ​ការ​ប្រើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​មាន​​គោល​បំណង​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ហើយ​​​ទីក្រុង​ព្យុងយ៉ាង​នឹង​ឆ្លើយ​តប​ទៅ​នឹង​សម​យុទ្ធ​ ដោយ​អនុវត្ត​​​ប្រតិបត្តិការ​​រា​រាំង​សង្គ្រាម​របស់​ខ្លួន​។ ​

គួរ​បញ្ជាក់​ថា​ កូរ៉េ​ខាង​ជើង​បាន​ចាត់​ទុក​សកម្មភាព​យោធា​របស់​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ ថា​ជា​ការ​ហាត់​សម​ដើម្បី​​ធ្វើ​សង្រ្គាម​​ឈ្លាន​ពាន​​។ ប្រទេស​នេះ​ បាន​បង្កើន​​​​សកម្មភាព​យោធា​របស់​ខ្លួន​ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ​ដោយ​បាន​ដាក់​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ ​​និង​សាក​ល្បង​​​​ «​ដ្រូន​វាយ​ប្រហារ​ក្រោម​ទឹកដែល​​អាច​បំពាក់​នុយក្លេអ៊ែរ​»៕

ប្រែសម្រួល៖ ហួន ឌីណា ប្រភព​៖ North Korea says U.S.-South Korea drills push tension to ‘brink of nuclear war’  

ads banner