កូនស្រីពៅ លោក ថាក់ស៊ីន ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី ជាផ្លូវការ
បាងកក៖ គណបក្សភឿថៃ ប្រកាសទទួលស្គាល់កូនស្រីពៅ លោក ថាក់ស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី ជាផ្លូវការ។
កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ នៅក្នុងចំណោមបេក្ខជន ៣រូបតំណាង ឱ្យគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំបំផុតមួយក្នុងប្រទេសថៃ។
អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានគណបក្សភឿថៃ ប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី រួមជាមួយបេក្ខជន ២នាក់ផ្សេងទៀត គឺសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក Chaikasem Nitisiri នៅឯព្រឹត្តិការណ៍រៀបចំឡើងក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ សប្ដាហ៍នេះ។
មានអាយុ ៣៦ឆ្នាំ អ្នកនាង ផែថងថាន បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេ នៅក្នុងការស្ទង់មតិជាច្រើនកន្លងមក តាមពីក្រោយដោយនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ លោក ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វ៉ុងសូវ៉ាន់ (Prawit Wongsuwan)។
ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃគ្រោងនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ដោយមានគណបក្សធំចំនួន៣ ស្ថិតនៅក្រោមការតាមដាន គឺគណបក្សភឿថៃរបស់អ្នកនាង ផែថងថាន គណបក្សរបស់លោក ប្រាយុទ្ធ និងគណបក្សរបស់លោក ប្រាវីត៕
ប្រភពពពី Bloomberg ប្រែសម្រួលដោយ៖ សារ៉ាត