រដ្ឋបាលខេត្តមណ្ឌលគិរី៖ ការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី បានគ្របដណ្តប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃខេត្តមណ្ឌលគីរីបានឱ្យដឹងថា គិតមកដល់ពេលនេះ ការតភ្ជាប់បណ្តាញផ្គង់ផ្គង់អគ្គិសនី បានគ្របដណ្តប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត។ទន្ទឹមនេះដែរថ្នាក់ដឹកនាំខេត្ត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងខំពង្រីកបណ្តាញអគ្គិសនីទៅកាន់ភូមិដាច់ស្រយាលក្នុងព្រៃជ្រៅឱ្យទទួលបានអគ្គិសនីប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគីរី ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តមណ្ឌលគិរី»កាលពីថ្ងៃទី៦ ខែមេសា បានឱ្យដឹងថា ខេត្តមណ្ឌលគីរី មានក្រុងមួយ និងស្រុកបួន ឃុំ១៧ សង្កាត់ចំនួនបួននិងភូមិចំនួន ៩២ភូមិ ។មានប្រជាពលរដ្ឋសរុប ៩៧ ៥៦២នាក់ (ស្រី ៤៧ ៥៨៣នាក់) ស្មើនឹង ២៣ ៥៤០គ្រួសារ និងមានដង់ស៊ីតេប្រាំពីរនាក់ ក្នុងមួយគីឡូម៉ែត្រ ។

 លោកបន្តថា បច្ចុប្បន្ននៅទូទាំងខេត្តមណ្ឌលគីរី គឺមានអគ្គិសនីប្រើប្រាស់ ដោយសម្រេចស្ទើរតែ១០០ភាគរយហើយ ដោយក្នុងនោះបណ្តាញផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត លើកលែងតែភូមិមួយចំនួនតូច ដែលស្ថានភាពផ្លូវមានការលំបាកធ្វើដំណើរចូលទៅដល់ និងភូមិនៅតំបន់ដាច់ស្រយ៉ាលនៅក្នុងព្រៃជ្រៅប៉ុណ្ណោះ។លោកថ្លែងបន្តថា៖« ជាក់ស្ដែង រហូតមកដល់បច្ចុប្បន្ននេះបណ្ដាញអគ្គិសនីផ្គត់ផ្គង់ទូទាំងខេត្តក្នុងនោះ ការតភ្ជាប់បណ្តាញ MV បានប្រវែង ៦១០,២៨គីឡូម៉ែត្រ បណ្តាញ LV បានប្រវែង ៣៣២,១៥គីឡូម៉ែត្រ និងផ្គត់ផ្គង់ថាមពលប្រើប្រាស់ជូនប្រជាពលរដ្ឋប្រមាណ ១២២៨៤ខ្នងផ្ទះ ខណៈអនុស្ថានីយ៍បណ្តាញចែកចាយអគ្គិសនីពីស្ថានីយ៍សេសានពីរ បាននិងកំពុងដំណើរការសាងសង់ នៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ» ។

អភិបាលរងខេត្តរតនគីរីលោក ស៊ន សារុន បានបញ្ជាក់ដែរថា  ហេតុនេះ ដើម្បីឈានទៅសម្រេចទឹសដៅប្រើប្រាស់អគ្គិសនីឱ្យបានទូទាំងខេត្ត រដ្ឋបាលខេត្ត នឹងខិតខំពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល និង ផ្នែកឯកជននានា ដើម្បីទាក់ទាញកំណើនវិនិយោគលើវិស័យទឹកស្អាត និងជួយដល់ការអភិវឌ្ឍន៍នៅមូលដ្ឋានខេត្តមណ្ឌលគីរី។

ក្នុងពេលនេះដែរ លោក ទី សុផល ប្រធានមន្ទីរ៉ែ និងថាមពលខេត្តមណ្ឌលគីរី បានលើកឡើងដែរថា ដើម្បីសម្រេចបាន លើកិច្ចការងារផ្គត់ផ្គង់អគ្គនីនេះ រដ្ឋបាលខេត្ត នឹងខិតខំផ្តល់យោបល់ និងកំណត់ទិសដៅខេត្ត ដើម្បីឈានទៅពង្រីកថាមពលអគ្គិសនីនៅទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ។ជាមួយគ្នានេះ លោកថា ក្នុងនាមមន្ទីរ៉ែ និងថាមពលខេត្ត ក៏បានប្តេជ្ញាកសាង និងពង្រីកបណ្តាញអគ្គិសនីទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងជនបទបន្ថែមទៀត ដើម្បីជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម សិប្បកម្ម និងអាជីវកម្ម សំដៅលើកកម្ពស់សេដ្ឋកិច្ចនៅទូទាំងខេត្ត។

គួរបញ្ជាក់ដែរថា ក្រៅពីការងារតភ្ជាប់បណ្តាញផ្តត់ផ្គង់អគ្គិសនី សម្រេចបានស្ទើរទូទាំងខេត្តហើយនោះ ព័ន្ធនឹងវិស័យទឹកស្អាតវិញ បច្ចុប្បន្នខេត្តមណ្ឌលគីរី មានអង្គភាពរដ្ឋាករទឹកក្រុងសែនមនោរម្យ មានស្ថានីយទឹកស្អាតនៅស្រុកអូររាំង នៅស្រុកកែវសីមា  រួមនឹងស្ថានីយទឹកស្អាតឯកជនមួយកន្លែងផងដែរ៕

ដោយ៖ សែម ពិសី

ads banner