ថ្នាក់ដឹកនាំ Camsoc ស្វាគមន៍ប្រតិភូកីឡាមកពី៤ប្រទេស ចូលរួមប្រកួតកីឡាបាល់ទាត់លើតុ បុរេស៊ីហ្គេម ២០២៣ នៅកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្រោមកិច្ចសហការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC បានរៀបចំព្រឹត្តិការណ៍បុរេការប្រកួតកីឡាបាល់ទាត់លើតុ រយៈពេល២ថ្ងៃពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៣ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រៀមស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តម ញ៉ាន សុខវិសាល ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា គូសបញ្ជាក់ថា គូសបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់លើតុនេះនឹងត្រូវឲ្យប្រកួតក្នុងស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដោយមានមេដាយដូចប្រភេទកីឡាផ្សេងៗដែរ ប៉ុន្តែគ្រាន់តែមិនរាប់បញ្ជូលក្នុងបញ្ជីមេដាយផ្លូវការប៉ុណ្ណោះ។ ឯកឧត្តម សង្ឃឹមថា បន្ទាប់ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា ប្រភេទកីឡាដ៏ពេញនិយមមួយនេះនឹងត្រូវដាក់បញ្ជូលឲ្យប្រកួតជាផ្លូវការ ក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ ក៏ដូចជារីកចម្រើននៅក្នុងតំបន់អាស៊ានផងដែរ។ ជាមួយគ្នានេះ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តមបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាករ កីឡាការិនី នៃបណ្តាប្រទេសនានា ក្នុងឱកាសនេះ។

លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានឱ្យដឹងថា ការប្រកួតបាល់ទាត់លើតុបុរេស៊ីហ្គេម រយៈពេល២ថ្ងៃនេះមាន៤ប្រទេសចូលរួម ដោយមាន៥ក្រុមចូលរួម ក្នុងនោះម្ចាស់ផ្ទះ ២ក្រុម។ «គោលបំណងចម្បងនៃបុរេប្រកួតស៊ីហ្គេមនេះ គឺដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងតេស្តសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម រួមទាំងការរៀបចំរបស់មន្ត្រី មុនការប្រកួតស៊ីហ្គេម ជាផ្លូវការ ចូលមកដល់នាខែឧសភា ខាងមុខ»។ «ជាការកត់សម្គាល់ សម្រាប់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីនៃបណ្តាប្រទេសចូលរួម ខ្ញុំមើលឃើញថា ថៃខ្លាំងលើប្រភេទកីឡានេះ បន្ទាប់មកឥណ្ឌូណេស៊ី ខណៈកម្ពុជាទើបនឹងចាប់ផ្តើមហ្វឹកហាត់ជាង១ខែនេះប៉ុណ្ណោះ ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាអាចចូលរួមប្រកួតប្រជែងបាន»។ អគ្គលេខាធិការរងបានបន្ថែម។

គួរបញ្ជាក់ថា បុរេការប្រកួតនេះមានចំនួន៥វិញ្ញាសា ដូចគ្នានឹងវិញ្ញាសាដែលត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ដែរ ដោយក្នុងនោះមានវិញ្ញាសាឯកត្តជនបុរស-នារី គូបុរស-នារី និងចម្រុះបុរស-នារី៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner