ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមិនដល់រយៈពេលមួយខែឡើយ (Video Inside)
ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចុះពិនិត្យទីលានសម្រាប់ស៊ីហ្គេម២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ ខណៈកម្ពុជា នៅសល់រយៈពេល២៨ទៀតនឹងឈានទៅព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រ។
ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីតាំងធំមួយក្នុងចំណោមទីតាំងធំទាំង៣ ដែលនឹងប្រើប្រាស់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ មន្ត្រីទទួលបន្ទុកកិច្ចការទីលានបានបញ្ជាក់ថា ពហុកីឡដ្ឋានជាតិ ត្រូវទទួលធ្វើជាកន្លែងប្រកួតចំនួន៩ប្រភេទកីឡា រួមមាន បាល់ទាត់បុរស(ពូល A), បាល់ទះ, បាល់ទឹក, កាយសម្ព័ន្ធ, ប៉េតង់, សីដក់, Soft Tennis សូហ្វ តេនីស, លើកទម្ងន់ និងកីឡារាំ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃថា ការងារជួសជុលទីលានប្រកួតនានា ក្នុងពហុកីឡដ្ឋានជាតិ បានសម្រេចស្ទើរតែរួចរាល់ទាំងស្រុងហើយ ខណៈនៅសល់តែការកែលម្អ និងតុបតែងបន្ថែមទៀតប៉ុណ្ណោះ។
បើទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវបើកនាល្ងាចថ្ងៃទី៥ឧសភាក៏ដោយ, ការប្រកួតនឹងចាប់ផ្តើមជាបណ្តើរតាំងពីថ្ងៃទី២៩មេសា រហូតដល់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣។
នាពេលនេះសេចក្តីរាយការណ៍ បានឱ្យដឹងថា ព្រះអគ្គីកីឡា ដែលដង្ហែរតាមប្រទេសជាសមាជិកអាស៊ាន បានស្ថិតក្នុងប្រទេសម៉ាឡេស៊ី នឹងរំពឹងវិលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨មេសាខាងមុខនេះ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងឈានមកដល់រយៈពេល២៨ថ្ងៃទៅមុខទៀត។