ប្រមុខការទូត G7 នឹងពិភាក្សាគ្នាជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនាចុងខែនេះ
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G7 ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាពជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងប្រទេសចិនផងដែរ នៅពេលដែលពួកគេជួបគ្នានៅប្រទេសជប៉ុននៅចុងខែមេសាខាងមុខនេះ។

កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៦ ខែមេសានេះ នៅទីក្រុងការូអ៊ិហ្សាវ៉ា ខេត្តណាហ្គាណូ នៅមុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រព្រឹត្តិទៅនៅក្នុងខែឧសភាខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នាមស្ថិតក្នុងចំណោមប្រមុខការទូតដែលគ្រោងនឹងចូលរួមកិច្ចប្រជុំនេះ។ លោក ហាយ៉ាស៊ី ត្រូវបានគេរំពឹងថា នឹងប្រាប់សមភាគីរបស់គាត់ គឺលោក ប្លីងគែន អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ទៅកាន់ប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ និងវិធានការដែលជប៉ុនដោះស្រាយជុំវិញស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។

ប្រមុខការទូតដែលចូលរួម ក៏ត្រូវបានគេរំពឹងដែរថា នឹងនៅតែរួបរួមគ្នារក្សាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងសកម្មភាពលុកលុយប្រទេសអ៊ុយក្រែន ក៏ដូចជាបន្តការគាំទ្រដល់អ៊ុយក្រែន។ ក្នុងនាមជាសមាជិក G7 តែមួយគត់មកពីអាស៊ី ប្រទេសជប៉ុនក៏គ្រោងនឹងយកបញ្ហានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងប្រទេសចិនធ្វើជាប្រធានបទពិភាក្សាគ្នាផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា
