សេដ្ឋកិច្ចសហរដ្ឋអាមេរិកបង្កើតការងារថ្មីបន្ថែម ២៣៦,០០០កន្លែងក្នុងខែមីនា ឆ្នាំ ២០២៣

វ៉ាស៊ីនតោន ៖ ក្រសួងការងារអាមេរិក នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍របស់ខ្លួន ស្តីពីការបង្កើតការងារថ្មីក្នុងខែមីនា ឆ្នាំ ២០២៣។ ក្រសួងបានរកឃើញថា សេដ្ឋកិច្ចបានបង្កើតការងារថ្មីបន្ថែមចំនួន ២៣៦,០០០កន្លែង។

យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិក បានឱ្យដឹងថា ការជួលបុគ្គលិក គឺមានភាពរឹងមាំ ជាពិសេសក្នុងផ្នែកឧស្សាហកម្មកម្សាន្ត និងបដិសណ្ឋារកិច្ច ខណៈដែលភោជនីយដ្ឋាន និងអាជីវកម្មដែលផ្តោតលើសេវាកម្មផ្សេងទៀតក៏បានបង្កើតការងារថ្មីបន្ថែមផងដែរ ប៉ុន្តែស្ថិតក្នុងល្បឿនយឺត។ អត្រាគ្មានការងារធ្វើសម្រាប់ខែមីនាឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការជួលបុគ្គលិកកាន់តែធំ។ ឥឡូវនេះ អត្រាគ្មានការងារធ្វើបានឈរនៅកម្រិតទាបបំផុត គឺ៣.៥ភាគរយ។

របាយការណ៍នេះបន្តថា ការជួលបុគ្គលិកបានធ្លាក់ចុះក្នុងផ្នែកឧស្សាហកម្មសំណង់ និងផលិតកម្ម ដោយសារតែក្រុមហ៊ុនទាំងនេះមានភាពរសើបជាងមុន ចំពោះការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល (Fed)។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសាទរចំពោះរបាយការណ៍ខាងលើនេះ ដោយលោកបានលើកសរសើររបៀបវារៈផ្នែកសេដ្ឋកិច្ចរបស់រដ្ឋបាលគាត់ ដែលផ្តល់ថាមពលឱ្យមានស្ទុះបង្កើតការងារថ្មីឡើងវិញ “ជាប្រវត្តិសាស្ត្រ”។

លោក បៃដិន បានកត់សម្គាល់ថា អត្រាគ្មានការងារធ្វើសម្រាប់កម្មករស្បែកខ្មៅបានឡើងដល់កម្រិតទាបថ្មី គឺ ៥ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះប្រហែលជាមិនសូវស្វាគមន៍ចំពោះអ្នកវិនិយោគទេ។ ពួកគេមានការព្រួយបារម្ភថា កំណើននៃការជួលបុគ្គលិកអាចនាំឱ្យអ្នកបង្កើតគោលនយោបាយ ដំឡើងអត្រាការប្រាក់ជាថ្មីម្តងទៀតក្នុងខែឧសភាខាងមុខនេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner