អគារទីបញ្ជាការដ្ឋានផ្នែកសឹករងតាំងគោកក្រោមជំនួយពីវៀតណាមត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ភ្នំពេញ៖អគារទីបញ្ជាការដ្ឋានផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលជាជំនួយរបស់បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញនៃកងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធ ជាផ្លូវការកាលពីថ្ងៃទី៦មេសា ។

ក្នុងពិធីសម្ពោធលោកវរសេនីយ៍ត្រី សេង សូត្រ មេបញ្ជាការផ្នែក សឹករង តាំងគោក បានបញ្ជាក់ថា អគារដែលនេះមានទំហំ២០០ ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង មានបន្ទប់ធ្វើការរបស់មេបញ្ជាការ និងសាលប្រជុំ និងចំណាយថវិកាសាងសង់ចំនួន ៤៥.៦៦៦ដុល្លារ ជាជំនួយឧបត្ថម្ភរបស់ខណ្ឌទី១០ ដែលជាដៃគូសហប្រតិបត្តិការ ជាមួយ ផ្នែកសឹករងតាំងគោក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ នៃយោធភូមិភាគទី៤ ថ្លែងអំណរគុណដល់ភាគីមិត្ត នៃបញ្ជាការ ដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានជួយសាងសង់ អគារស្នាក់នៅ និងធ្វើការងារជូនដល់អង្គភាពផ្នែកសឹករងទាំង៩ និងកងវរសេនាតូចទាំងពីរ ព្រមទាំងសាងសង់អគារនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលសរុបអគារទាំងអស់មានចំនួន ១៣ខ្នង រួចមកហើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ត្រី ផាំ វ៉ាន់រុឹម អនុប្រធាន គណៈបញ្ជាការ យោធាទីក្រុងហូជីមិញ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយ គណៈអធិបតី បានជូនអំណោយអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីសម្ពោធនេះចំនួន១៥០នាក់ និងបានដាំដើម ឈើជានិមិត្តរូប ព្រមទាំងកាត់ខ្សែបូរសម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការនូវអគារផ្នែកសឹករងតាំងគោកដែលជាជំនួយនេះផងដែរ ៕
ដោយ៖ ប៊ុន រដ្ឋា

