លំនៅដ្ឋានរាប់សែនខ្នងដាច់ចរន្តអគ្គិសនី បន្ទាប់ពីព្យុះទឹកកកវាយប្រហារប្រទេសកាណាដា
MC. អូតាវ៉ា៖ លំនៅដ្ឋានរាប់សែនខ្នងនៅភាគខាងកើតប្រទេសកាណាដា នៅតែគ្មានថាមពលប្រើប្រាស់ គិតត្រឹមថ្ងៃសុក្រទី០៧ ខែមេសានេះ ពោលគឺពីរថ្ងៃបន្ទាប់ពីព្យុះទឹកកកបានសម្លាប់មនុស្ស ៣នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធំធេង ជាពិសេសនៅទីក្រុងម៉ុងរ៉េអាល់។

Read. លំនៅដ្ឋានប្រហែល ៤០០,០០០ខ្នងជាមួយនឹងប្រជាជន ១.១លាននាក់ក្នុងទីក្រុងកេបិច បានស្ថិតក្នុងភាពងងឹត ដោយសារការដាច់ចរន្តអគ្គិសនី។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ហាយដ្រូ កេបិច (Hydro-Quebec) បាននិយាយថា យើងបានស្តារថាមពលឡើងវិញដល់អតិថិជនជាង ៥០ភាគរយដែលរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនី។

ទន្ទឹមគ្នា ក្រុមហ៊ុននេះមានទំនុកចិត្តថា លំនៅដ្ឋានអតិថិជន ២០០,០០០ខ្នងទៀត នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅថ្ងៃចុងសប្តាហ៍នេះ។
ព្យុះទឹកកកនេះបានប៉ះពាល់ខ្លាំងដល់ខេត្តកេបិច និងអនតារីអូ ដែលជាខេត្តដែលមានប្រជាជនច្រើនជាងគេចំនួនពីររបស់ប្រទេសកាណាដា។ គិតមកទល់ពេលនេះ អាជ្ញាធរនៅតែណែនាំប្រជាពលរដ្ឋឱ្យនៅឆ្ងាយពីកន្លែងដាច់ខ្សែភ្លើង ដើម្បីជៀសវាងគ្រោះថ្នាក់។

ការដាច់ចរន្តអគ្គិសនីគឺជាគ្រោះមហន្តរាយដ៏ធំបំផុតនៅក្នុងទីក្រុងកេបិច ចាប់តាំងពីមានព្យុះទឹកកកក្នុងឆ្នាំ ១៩៩៨ បានធ្វើឱ្យក្រុងនេះមានភាពវឹកវរអស់រយៈពេលជាច្រើនសប្តាហ៍៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
