មន្ត្រីយោធា​ជប៉ុន៖ ឧទ្ធម្ភាគចក្រ​មួយគ្រឿង ផ្ទុកនាវិកចំនួន ​១០ នាក់​បាន​ធ្លាក់​ចូល​ទៅក្នុងសមុទ្រ

តូក្យូ៖ឧទ្ធម្ភាគចក្ររបស់កងទ័ពជប៉ុនមួយគ្រឿងដឹកនាវិកចំនួន ១០ នាក់ បានបាត់ខ្លួនសូន្យឈឹង ប៉ុន្តែត្រូវបានគេសន្និដ្ឋានថា បានធ្លាក់ចូលទៅក្នុងសមុទ្រនៅតំបន់កោះភាគខាងត្បូងប្រទេស បន្ទាប់ពីបានប្រទះឃើញបំណែកជាច្រើនដែលមើលទៅហាក់ដូចជាបំណែករបស់យន្តហោះដែលត្រូវបានធ្លាក់។ នេះបើយោតាមការលើកឡើងរបស់មន្ត្រីជប៉ុនមួយរូប។​

ប្រធានកងកម្លាំងស្វ័យការពារដែនដីគោក លោក យ៉ាងស៊ូណូរី ម៉ូរីស៊ីតា (Yasunori Morishita) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «កាលពីរសៀលថ្ងៃព្រហស្បតិ៍ ឧទ្ធម្ភាគចក្រប្រភេទ UH-60JA Black Hawk នេះបានបាត់សញ្ញាពីប្រព័ន្ធរ៉ាដា ខណៈដែលកំពុងហោះបំពេញបេសកកម្មឈ្លបយកការណ៍នៅតំបន់ភាគខាងជើងនៃកោះ មីយ៉ាកូ (Miyako)»។

លោកបានបញ្ជាក់ថា «កម្ទេចកំទីដែលគេជឿថាជាបំណែកយន្តហោះទាំងអស់នោះ ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ដែលស្ថិតនៅចម្ងាយប្រមាណ ១៨០០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងតូក្យូ។ គួរដឹងដែរថា រដ្ឋាភិបាល​ជប៉ុនបាននិងកំពុង​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​យ៉ាង​ខ្លាំងក្លា ជាពិសេសនៅ​ភាគនិរតី​នៃ​ប្រទេស​ ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​យោធា​ដែលតែងតែយាយីពីសំណាក់ប្រទេស​ចិន​ក្នុង​តំបន់ ជាពិសេសជុំវិញកោះ​តៃវ៉ាន់​។ សារព័ត៌មានជប៉ុនមួយឈ្មោះថា Kyodo News បានរាយការណ៍ថា នាវាឆ្មាំឆ្នេរសមុទ្ររបស់ជប៉ុន បានរកឃើញដានប្រេងមួយចំនួន ដែលអាចជាប្រេងរបស់ឧទ្ធម្ភាគចក្រដែលបានបាត់នោះ ប៉ុន្តែក្រុមមន្ត្រីជំនាញបានបដិសេធការរាយការណ៍នោះ។ លោក ម៉ូរីស៊ីតា បានកត់សម្គាល់ថា

ឧទ្ធម្ភាគចក្រនេះបានឈរជើងនៅមូលដ្ឋានកងទ័ពក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងខេត្តគូម៉ាម៉ូតូ (Kumamoto) នៅលើកោះឃ្យូស៊ូ (Kyushu) ភាគខាងត្បូងប្រទេស ហើយសមាជិកនាវិកម្នាក់ក្នុងចំណោមសមាជិកនាវិកទាំង ១០ នាក់គឺជាមេបញ្ជាការកងពល ពោលគឺជាលោក យូឈី សាកាម៉ូតូ (Yuichi Sakamoto)។

បន្ថែមលើនេះ ទូរទស្សន៍សាធារណៈឈ្មោះថា NHK របស់ជប៉ុនបានរាយការណ៍ថា ឧទ្ធម្ភាគចក្របានបាត់ពីប្រព័ន្ធរ៉ាដាប្រហែលមួយម៉ោងក្រោយពីបានចាកចេញពីកោះមីយ៉ាងកូ (Miyako) និងប្រហែលជាកន្លះម៉ោងមុនពេលវាត្រលប់មកវិញ។ នាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានថ្លែងថា «ក្រសួងការពារជាតិកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ»។

ប្រែសម្រួលដោយ៖ ធា សុណា

ads banner