រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈធ្វើបាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់និស្សិត
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញ ធ្វើបាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្ត្រាចារ្យ និងនិស្សិតនៃ វិទ្យាស្ថាន ខេមអេដ (CamEd) នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ភាព ជាអ្នកដឹកនាំ (Leadership) គឺជាសិល្បៈនៃការគិត និងការ សម្រេច។ សារៈប្រយោជន៍នៃភាពជាអ្នកដឹកនាំ គឺសម្រាប់ប្រើប្រាស់ ក្នុងជីវិតរស់នៅរបស់មនុស្សទាំងអស់ មិនថា មន្រ្តីរាជការ កម្មករ កសិករ សិស្ស និសិ្សត និងប្រជាពលរដ្ឋគ្រប់រូបតស៊ូរៀនសូត្រ ប្រកបរបររកស៊ី បម្រើការងារតាមសម្មាអាជីវោ ដើម្បីដឹកនាំជីវិត ឆ្លងកាត់ការលំបាកឧបសគ្គឆ្ពោះទៅកាន់អនាគតរៀងៗខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកដោយផ្សាភ្ជាប់ទ្រឹស្តីនៃការ សិក្សា ជាមួយបទពិសោធន៍ការងារជាក់ស្តែងដែលលោកបានឆ្លងកាត់ក្នុងនាមជាអ្នករដ្ឋបាលបម្រើការងារសាធារណៈរយៈពេលជាង៤០ឆ្នាំកន្លងមក ពិសេសបីឆ្នាំចុងក្រោយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ ដែលបានពុះពារជម្នះ ដោះស្រាយការលំបាក ស្មុគស្មាញ បង្កដោយកូវីដ-១៩ ជំរុញការងារក្នុងស្មារតីបុរេសកម្ម ប្រកបដោយ នវានុវត្តន៍ដំណើរការជាប្រក្រតី មានភាពធន់ រលូន ដើរទាន់ការវិវត្ត ប្រែប្រួលសភាពការណ៍នៃសម័យកាល។
តាមរយៈការធ្វើបាឋកថានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ច្បាស់ ពីវឌ្ឍនភាពថ្មីៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមមគ្គុទ្ទេសក៍ ផ្ទាល់ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេស កម្ពុជារួចចាកផុតពីសង្គ្រាម ពីការបែកបាក់ជាតិ នាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍ ប្រកបដោយ វិបុលភាព ដរាបតរៀងមក។ជោគជ័យរបស់រាជរ ដ្ឋា ភិបាល កម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុង ការប្រយុទ្ធ ឈ្នះ កូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ និងជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ជាសក្ខីភាពយ៉ាងប្រត្យក្ស បញ្ជាក់ពីផ្លែផ្កា នៃការកែទម្រង់ ផ្លាស់ប្តូរមុខមាត់កម្ពុជាពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបាឋកថាចែករំលែកនេះ នឹងបានក្លាយជាគតិសម្រាប់ការ ត្រិះរិះពិចារណា រួមចំណែកជួយនិស្សិតទាំងអស់អាចប្រើប្រាស់ ដើម្បីជាប្រយោជន៍នៃការកសាងជីវិត និងអនាគត៕
អត្ថបទ រូបភាព៖ ង៉ាន់ ទិត្យ

