សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត»
(ភ្នំពេញ)៖ ភរិយាខ្ញុំ និងរូបខ្ញុំមានសេចក្តីរីករាយជាអនេកប្បការដែលលោកជំទាវត្រូវបានព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។

សម្ដេចកិត្តិសង្គហបណ្ឌិត គឺជាឥស្សរជនមួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងការចូលរួមតស៊ូ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងទទួលបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្ដេចបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធច្បាប់ និងផ្សព្វផ្សាយច្បាប់ ពង្រឹងអភិបាលកិច្ចល្អ ការពារលទ្ធិ- ប្រជាធិបតេយ្យ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ លើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ នាពេល កន្លងមក សម្តេចតែងតែចូលរួមដោះស្រាយរាល់បញ្ហាជាមួយរាជរដ្ឋាភិបាល រហូតទទួលបានលទ្ធផលល្អ ប្រសើរគួរជាទីមោទកភាព ។

ខ្ញុំសូមជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត និងកូនប្រុស កូនស្រីប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ ។ សូមសម្ដេចកិត្តិសង្គហបណ្ឌិត ទទួលនូវការរាប់អានពីខ្ញុំ ៕



