កាសែតបារាំង ៖ លោក ម៉ាក្រុង បរាជ័យក្នុងការបញ្ចុះបញ្ចូលចិនឱ្យគាំទ្រជំហររបស់សហភាពអឺរ៉ុបជុំវិញជម្លោះរុស្ស៊ី និងអ៊ុយក្រែន
ប៉ារីស៖ កាសែតបារាំង Le Monde បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេសចិន មិនបានធ្វើឱ្យមានការផ្លាស់ប្តូរជំហររបស់ទីក្រុងប៉េកាំង ជុំវិញជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ។
កាសែតបារាំង Le Monde បានចេញផ្សាយព័ត៌មានអំពីកិច្ចពិភាក្សារវាងមេដឹកនាំបារាំង និងចិនយ៉ាងដូច្នេះថា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក ស៊ី ឱ្យឈប់ផ្តល់ការគាំទ្ររបស់ខ្លួនដល់រុស្ស៊ី ប៉ុន្តែលោក ស៊ី មិនបានផ្លាស់ប្តូរជំហរគាំទ្ររុស្ស៊ីនោះទេ។
យ៉ាងណាមិញ មេដឹកនាំចិនពេញចិត្តនឹងជំហានតូចតាចមួយ ដោយសន្យាថា នឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែនៅពេលមានលក្ខខណ្ឌត្រឹមត្រូវសម្រាប់ការពិភាក្សាគ្នានេះ។ អំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន លោក ម៉ាក្រុង រួមជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បានព្យាយាមបង្ហាញជំហររបស់ពួកគេទៅកាន់លោក ស៊ី ជីនពីង ថា ការផ្តល់ជំនួយយោធាដល់រុស្ស៊ី នឹងធ្វើឱ្យចិនក្លាយជាអ្នកសមគំនិតចំពោះការឈ្លានពានអ៊ុយក្រែន។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍បែបនេះ រួមទាំងពាក្យសម្តីរបស់លោកស្រី វ៉ុន ដឺ ឡេយែន ដែលថា ជំហររបស់ចិនលើជម្លោះអ៊ុយក្រែន នឹងក្លាយជាកត្តាកំណត់ក្នុងទំនាក់ទំនងនាពេលអនាគតរបស់ខ្លួនជាមួយសហភាពអឺរ៉ុប បានធ្វើឱ្យមានប្រតិកម្មអវិជ្ជមាន ក្នុងចំណោមមន្ត្រីជាន់ខ្ពស់របស់ចិនប៉ុណ្ណោះ។ កាសែតបារាំងបានដកស្រង់សម្តីរបស់រដ្ឋាភិបាលចិនថា វិបត្តិអ៊ុយក្រែនមិនមែនជាបញ្ហារវាងចិន និងសហភាពអឺរ៉ុបនោះទេ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា


