មនុស្សរាប់ពាន់នាក់ចូលរួមពិធីបុណ្យ Easter ដែលមានអាយុកាលរាប់សតវត្សរបស់ឥណ្ឌូនេស៊ី
ហ្សាកាតា៖ មនុស្សជាង ៧,០០០នាក់បានចូលរួមពិធីបុណ្យ Easter ដែលមានអាយុកាលរាប់សតវត្សនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេបំផុតលើពិភពលោកមួយនេះ។
មនុស្សប្រហែល ៧,០០០នាក់បានប្រារព្ធពិធីបុណ្យសាសនាដ៏ធំមួយនៅឯសមុទ្រហ្ល័រែស នៃទីក្រុងឡារ៉ាន់ទូកា នៅថ្ងៃទី០៧ ខែមេសានេះ មុនពេលដឹកជញ្ជូនប្រអប់មួយដែលត្រូវបានគេជឿថា ជារូបសំណាកទារកព្រះយេស៊ូដ៏ពិសិដ្ឋ តាមទូកនៅតាមបណ្តោយឆ្នេរសមុទ្រនៃទីក្រុងនេះ ដែលភាគច្រើនជាក្រុមអ្នកកាន់សាសនាកាតូលិក។
សហគមន៍គ្រិស្តបរិស័ទកាន់តែទូលំទូលាយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលភាគច្រើនជាសាសនិកមូស្លីម គឺជាគោលដៅនៃការរើសអើង និងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំណែកអ្នកសាសនាកាតូលិកតំណាងឱ្យប្រហែល ៣ភាគរយ នៃប្រជាជន ២៧០លាននាក់ដែលគោរពលទ្ធិប្រជាធិបតេយ្យ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងលើនេះ នឹងត្រូវបិទបញ្ចប់នាល្ងាចថ្ងៃសុក្រសប្តាហ៍នេះ ជាមួយនឹងក្បួនដង្ហែនៅពេលយប់ ដែលចូលរួមដោយអ្នកធ្វើធម្មយាត្រា ក្នុងឈុតសម្លៀកបំពាក់ខ្មៅ ដើម្បីកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ព្រះយេស៊ូ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




