ឯកឧត្តម កែវ ពិសិដ្ឋ ៖ សុខដុមនីយកម្មសាសនាធ្វើឱ្យពលរដ្ឋខ្មែរ ខ្មែរឥស្លាម និងសាសនាដទៃទៀត រស់នៅជាមួយគ្នាប្រកបដោយសុខសាន្តក្រោមដំបូលសន្តិភាពតែមួយ
ត្បូងឃ្មុំ ៖ ឯកឧត្ដម កែវ ពិសិដ្ឋ តំណាងរាស្ត្រ មណ្ឌលត្បូងឃ្មុំ និងអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក បានមានប្រសាសន៍ថា ក្រោយពីប្រទេសជាតិរួចបំផុតពីសង្គ្រាមមក រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានកសាង អភិវឌ្ឍន៍ ប្រទេសជាតិរីកចម្រើនគ្រប់វិស័យ មិនថាជនបទ ឬទីក្រុងនោះទេ។ ហើយប្រជាពលរដ្ឋមានសិទ្ធសេរីភាព គោរពប្រណិបតន៍ ជំនឿសាសនា ដែលខ្លួនស្រឡាញ់ពេញចិត្ត។
ឯកឧត្តមតំណាងរាស្រ្ត បានថ្លែងបែបនេះក្នុងការសំណោះសំណាល និងចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរ ឥស្លាមនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣នេះ នៅវិហារក្នុងភូមិថ្មី ឃុំពពេល។
ឯកឧត្តម កែវ ពិសិដ្ឋ គូសបញ្ជាក់ថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងអំឡុងពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនា ពិសេសសាសនាឥស្លាមត្រូវបានលុបបំបាត់ទាំងស្រុង។ ប៉ុន្តែចាប់ពី ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋមក សាសនា និងសេរីភាពបានប្រគល់ជូនពលរដ្ឋវិញ។ រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។ សុខដុមនីយកម្មសាសនាធ្វើឱ្យពលរដ្ឋខ្មែរ និងខ្មែរឥស្លាម និងសាសនាដទៃទៀត រស់នៅជាមួយគ្នាប្រកបដោយសុខសាន្តក្រោមដំបូលសន្តិភាពតែមួយ ។
ឯកឧត្តមបញ្ជាក់ថា អ្វីៗដែលមាននាពេលបច្ចប្បន្ននេះ ដោយសារ កត្តាសុខសន្តិភាព ដូច្នោះហើយ យើងត្រូវរួមសាមគ្គីភាពគ្នាថែរក្សា សុខសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍ និងធានាដល់ជំនឿសាសនារបស់ពលរដ្ឋ បន្តទៀត។ ឯកឧត្ដម បានសាទរនូវសមិទ្ធិផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តា សុខសន្តិភាព ពោលគឺ ផឹកទឹកកុំភ្លេចប្រភព ជ្រកម្លប់កុំភ្លេចអ្នកដាំ ។
ឯកឧត្ដម កែវ ពិសិដ្ឋ បានផ្តាំផ្ញើដល់សាសនិកឥស្លាម ទាំងអស់ សូមកុំឱ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម។ ឯកឧត្តមបាន អំពាវនាវ ដល់ពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបច្ចប្បន្ន ដោយបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម កែវ ពិសិដ្ឋ បានឧបត្ថម្ភ វិហារ ចំនួន៣ដោយក្នុងមួយវិហារទទួលបាន ថវិកា ៨០ម៉ឺន រៀល ទូរទស្សន៍ DTVមួយឈុត ទឹកក្រូច៥កេស ទឹកបរិសុទ្ធ ១០កេស មី៥កេស ទឹកដោះគោ២០កំប៉ុង ស្ករសរ២០ស្ករសរគីឡូក្រាម កាហ្វេ៥កញ្ចប់ និង តែ៥កញ្ចប់ធំ ។ ឧបត្ថម្ភសារ៉ាវចំនួន៧កន្លែង ដោយក្នុងមួយសារ៉ាវទទួលបានថវិកា ៤០ម៉ឺន រៀល ទឹកក្រូច៣កេស,ទឹកបរិសុទ្ធ ៥កេស,មី៣កេស ទឹកដោះគោ១០កំប៉ុង ស្ករសរ១០គីឡូក្រាម កាហ្វេ៣កញ្ចប់ធំ តែ៣កញ្ចប់ធំ ព្រមទាំងឧបត្ថម្ភដល់ភូមិនីមួយៗក្នុងឃុំពពេល នូវថវិកា ៥០ម៉ឺនរៀល ក្នុងមួយភូមិ ដើម្បីរៀបពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ សរុបថវិកាប្រមាណជាង២៣លានរៀល៕ ដោយ ហេង សម្បត្តិ







