ប្រមុខការទូតអ៊ុយក្រែនទៅប្រទេសឥណ្ឌា សម្រាប់កិច្ចពិភាក្សា
កៀវ៖ រដ្ឋមន្ត្រីអ៊ុយក្រែនមួយរូបគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃអាទិត្យទី០៩ ខែមេសានេះ ដើម្បីធ្វើកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។
ឥណ្ឌាបាននាំចូលផ្នែកសព្វាវុធយោធាជាច្រើនពីរុស្ស៊ី ហើយកំពុងដើរលើផ្លូវធ្វើឱ្យមានតុល្យភាពល្អ រវាងកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលកើនឡើងជាមួយបណ្តាប្រទេសលោកខាងលិច និងការពឹងផ្អែកលើរុស្ស៊ីសម្រាប់ការនាំចូលប្រេង និងវិស័យការពារជាតិ។យ៉ាងណាមិញ ទំនាក់ទំនងសន្តិសុខដ៏យូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ី បានធ្វើឱ្យឥណ្ឌាស្ថិតក្នុងទីតាំងការទូតដ៏ខុសឆ្គងមួយ ខណៈពេលដែលឥណ្ឌាបានអំពាវនាវឱ្យបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន ហើយបានបដិសេធក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី។
អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែន លោកស្រី Emine Dzhaparova នឹងផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន ជាមួយមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសឥណ្ឌា។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបន្ថែមថា ប្រទេសឥណ្ឌាបានចែករំលែកទំនាក់ទំនងដ៏កក់ក្តៅ និងមិត្តភាព រួមទាំងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអ៊ុយក្រែន ហើយដំណើរទស្សនកិច្ចនេះនឹងក្លាយជាឱកាសមួយ ដើម្បីលើកកម្ពស់ការយល់ដឹង និងផលប្រយោជន៍គ្នាទៅវិញទៅមកបន្ថែមទៀត។
ទោះបីជាយ៉ាងណា មិនមានការចង្អុលបង្ហាញថា លោកស្រី Dzhaparova នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ឬរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលឥណ្ឌានោះទេ។ របាយការណ៍មួយនៅក្នុងកាសែត The Hindu កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានបញ្ជាក់ថា លោកស្រី Dzhaparova នឹងជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនយោបាយក្នុងទីក្រុងញូវដែលី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងការគាំទ្រដល់អ៊ុយក្រែន។ លោកស្រីក៏ទំនងជានឹងអញ្ជើញនាយករដ្ឋមន្រ្តីឥណ្ឌា លោក ម៉ូឌី ឱ្យទៅបំពេញទស្សនកិច្ចទីក្រុងកៀវ ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


