អ.ស.ប អនុម័តឱ្យកម្ពុជាចូលជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិន អេដស៍

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន​ឱ្យដឹងថាកម្ពុជាត្រូវ​បាន​ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) របស់អ​​ង្គការសហប្រជាជាតិ(អ.ស.ប) បានបើកអង្គប្រជុំនៅទីក្រុងញ៉ូវយ៉កអនុម័តឱ្យចូលជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូអិន អេដស៍ (PCB of UNAIDS) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក អាណត្តិ ២០២៣-២០២៥ ។​

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កាលពីថ្ងៃទី ៧ ខែមេសា ឱ្យដឹងថា ការបោះឆ្នោត​សម្រេចនេះ​បានធ្វើឡើង​នាថ្ងៃទី​៥ ខែមេសា ​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ​របស់អ​​ង្គការសហប្រជាជាតិដោយ​បានលើករបៀបវារៈមួយចំនួន ក្នុ​ង​នោះមានការបោះឆ្នោតបំ​ពេញបន្ថែមសមាជិក ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូអិន អេដស៍ (Program Coordinating Board of UNAIDS) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

អាជ្ញាធរ​​ជាតិប្រយុទ្ធនឹងជំងឺអេដស៍​បាន​បញ្ជាក់ថា៖ «ជោគជ័យ​នេះ ជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល​ ដែលឆ្លុះបញ្ចាំងនូវការទទួលស្គាល់ដោយ សហគមន៍អន្តរជាតិ ចំ​ពោះ​ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាថាជាកម្មវិធីឈានមុខមួយ ប្រ​ក​បដោយប្រសិទ្ធភាព»។

ក្នុងឋានៈជាសមាជិកថ្មីនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ អង្គការយូអិន អេដស៍កម្ពុជាប្រាកដជាអាចចូលរួមមតិ ដល់ការរៀបចំកម្មវិធីប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីកែលម្អ និ​ងជំរុញការប្រយុទ្ធនឹងមេរោគអេដស៍ ឱ្យសម្រេចគោលដៅលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍ ដោយជោគជ័យ តាមកាលកំណត់នៅក្នុងពិភពលោក។ នេះបើតាមអាជ្ញាធរ​​ជាតិប្រយុទ្ធនឹងជំងឺអេដស៍បន្ថែម។

ប្រភពដដែល​បាន​បន្ថែមថា ៖ «ការជាប់ឆ្នោតចូលជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអេដស៍នេះ ជាជោគជ័យនៃនយោ បាយការបរទេសរបស់កម្ពុជា ដែលតែងតែស្វែងរកមិត្តជាប់ជាប្រ​ចាំគ្រប់ទីកន្លែង គ្រប់និន្នាការ និងដែលកំពុងទទួលបាននូវការគាំទ្រកាន់តែធំធេងពីសហគមន៍អន្តរជាតិ»។​

ទាក់ទងនឹង​ការអនុម័តនេះ លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បានប្រាប់ឱ្យដឹងថា​ ក្នុងនាមអង្គការសង្គមស៊ីវិល លោកមានការសប្បាយចិត្ត ដែលកម្ពុជាត្រូវបានសម្រេច ជាស​មាជិ​កនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូ អិន អេដស៍ និងជាមោនភាពថ្មីមួយទៀតរបស់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជានឹង​អាចប្រើប្រាស់នូវកម្មវិធីនេះ ចែករំលែកបទពិសោធន៍ និងចំណេះពីបញ្ហាអេ​ដស៍ដែលកម្ពុជាទទួលបានជោគជ័យនាពេលកន្លងមកនេះ ។ លោកបាន​បន្តថា ​កម្ពុជានឹងអាចជំរុញឱ្យរួមគ្នា ដើម្បីបញ្ចប់នូវដំណើរឆ្ពោះទៅសម្រេចបាននៅក្នុ​ងឆ្នាំ ២០៣០ របស់សកលលោកដែលនេះ ធ្វើឱ្យកម្ពុជាកាន់តែល្បីល្បាញ និងកេរ្តិ៍ឈ្មោះបោះសម្លេ​ងនៅលើឆាកអន្តរជាតិ

តាមរយៈការចែករំលែកបទពិសោធទៅ​កាន់បណ្តាប្រទេសនៅក្នុងតំបន់អា​ស៊ីប៉ាស៊ីហ្វិកយកទៅអនុវត្តឱ្យទទួលបានជោគជ័យដូចកម្ពុជាដែរពាក់ព័ន្ធនឹងបញ្ហាអេដស៍នេះ។​

លោក ជួប សុខចំរើន មានប្រសាសន៍ថា ៖ «នៅតំបន់អាស៊ីអប៉ាហ្វិច មានប្រទេសមិនតិចជាង ២០​ទេ ដែលមានបញ្ហាប្រឈមច្រើនលើការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ ហើ​យមេរៀនបទពិសោធន៍ដែលកម្ពុជាមាននឹងជួយជំរុញឱ្យប្រទេសទាំងនោះរៀនសូត្របាន ដើ​ម្បី​បញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ ២០៣០ របស់ពិភពលោកបាន ។ នេះជាមោទនភាពរបស់ជាតិខ្មែរយើង»។

សូមបញ្ជាក់ផងដែរថា នាកិច្ច​ប្រជុំគណៈរដ្ឋមន្រ្តី​កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅនេះសម្ដេចតេជោនា​យករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​លើកឡើង​ដែរដោយបង្ហាញពី​​មោទកភាពរបស់កម្ពុជា​ដែល​ត្រូវបាន​ក្រុម​ប្រឹក្សាសេ​ដ្ឋកិច្ច និង​សង្គម អ.ស.ប បោះឆ្នោត​ទទួលស្គាល់ និងបញ្ជូលប្រទេសកម្ពុជាជាសមា​ជិកនៃក្រុម​ប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការUNADIS៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner