​ទិន្នន័យ​អាមេរិក​បង្ហាញ​ថា​ ​ការ​បំភាយ​​​ឧស្ម័ន​​ផ្ទះ​​កញ្ចក់​​បាន​​កើន​​ឡើង​​ក្នុង​​អត្រា​​គួរ​​​ឱ្យ​​ព្រួយ​​បារម្ភ​​កាល​​​ពី​​ឆ្នាំ​​មុន​

​អាមេរិក៖ទិន្នន័យ​​​ថ្មី​​របស់ទីភ្នាក់​ងារ​​​រដ្ឋបាល​មហា​សមុទ្រ​និង​បរិយាកាស​ជាតិ (NOAA) របស់​អាមេរិក​ ​​បង្ហាញ​​​ថា​ ការ​បំភាយ​​​ឧស្ម័ន​​ផ្ទះ​​កញ្ចក់​​បាន​​កើន​​ឡើង​​ក្នុង​​អត្រា​​គួរ​​​ឱ្យ​​ព្រួយ​​បារម្ភ​​កាល​​​ពី​​ឆ្នាំមុន​​ ខណៈ​​​មហន្តរាយ​ធម្មជា​តិ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​។ ​​

​​កម្រិត​​កាបូន​ឌីអុកស៊ីត​ (CO2) ​មេតាន ​និង​ឌីអាសូត​ម៉ូណូអុកស៊ីត​ (N₂O) ​​ ដែល​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​​ប​ញ្ចេ​ញ​ទៅ​ក្នុង​បរិយាកាសផែន​ដី​ដោយ​សកម្មភាព​របស់​មនុស្ស​ និង​ដែល​រួម​ចំណែក​​​ដ៏​សំខាន់​បំផុត​ចំពោះ​ការ​ឡើ​ង​កំដៅ​ផែនដី​ បាន​​បន្ត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​កំឡុង​ឆ្នាំ​ ២០២២​។

ទិន្នន័យរ​បស់​ NOAA បង្ហាញ​ថា​ ​កម្រិត​​​ CO2 បាន​កើន​ឡើង​ច្រើន​ជាង​ ២​ ភាគ​ក្នុង​មួយ​លាន​​ (ppm) ​ស​ម្រា​ប់​រយៈ​ពេល​ ១១ ឆ្នាំ​ជាប់​គ្នា​ ដែល​នេះ​ជា​ការ​កើន​ឡើង​​នៃ​​កំហាប់​ CO2 ​ក្នុង​កម្រិត​ស្ថេរ​ខ្ពស់​បំផុត​​រាប់​តាំ​ង​ពី​ការ​វាស់​វែង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រភេទ​នេះ​កាល​ពី​ឆ្នាំ​ ៦៥ មុន​។ មុន​ឆ្នាំ​ ២០១៣ ​អ្នក​វិទ្យា​សាស្ត្រ​មិន​ដែល​កត់​ត្រា​កំណើន​ CO2 ​ខ្ពស់​បែប​នេះ​​៣​ឆ្នាំ​ជាប់​ៗ​គ្នា​នោះ​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​ ​កំហាប់​​ CO2 ​ក្នុង​ប​រិយាកាស​គឺ​ខ្ពស់​ជាង​កម្រិត​មុន​​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ដល់​ ៥០ ភាគរយ​។ ​ ចំណែក​​​កម្រិត​កំហាប់​​មេតានវិញ​ ​មាន​ជា​មធ្យម​រហូត​ដល់​ ១ ៩១២ ភាគ​ក្នុង​មួយ​ប៊ីលាន (ppb) ​ក្នុង​ឆ្នាំ​ ២​០២២ ​ដែល​វា​​ជា​កំណើនខ្ពស់​​

បំផុត​លំដាប់​​ទី​៤​ រាប់​តាំង​ពី​អ្នក​វិទ្យាសាស្រ្ត​ចាប់​ផ្ដើម​វាស់​ស្ទង់​​ក្នុង​ឆ្នាំ​ ១​៩៨៣​។

​មេតាន ​គឺ​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​អាក្រក់​មួយ​ ដែល​មាន​​បរិមាណ​តិច​ជាង​ CO2 ​ប៉ុន្តែ​ធ្វើ​ឱ្យ​ផែ​នដី​កើន​កំដៅ​លឿ​ន​ ដោយ​​វា​​រួម​ចំណែក​ក្នុង​ការ​ផ្ទប់​កម្ដៅ​ក្នុង​ស្រទាប់​ផែនដី​​ រហូត​ដល់​ ២៥ ភាគរយ​ ​បើ​ប្រៀប​ធៀប​នឹង​ឧ​ស្ម័ន​ផ្ទះ​កញ្ចក់​ដទៃ​ទៀត​។ បើ​តាម​ NOAA ​កម្រិត​​មេតាន​​ក្នុង​​បរិយាកាស​ផែនដី​នា​ពេល​បច្ចុប្បន្ន​ មាន​លើ​ស​ពី​កម្រិត​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម រហូត​ដល់​ ២ ដង​កន្លះ​។  ​​​​

ជាមួយ​គ្នា​នេះ​ កម្រិត​នៃ​កំហាប់​ N₂O ​ដែល​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ធំ​​បំផុត​ទី​ ៣​ របស់​ពិភព​លោក​ មានលើ​ស​ពី​​កម្រិត​​​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ប្រហែល​ ២៤ ភាគរយ​ ក្រោយ​កើន​ឡើង​ដល់​ ១,២៥ ​​ppb ​កា​ល​ពី​ឆ្នាំ​មុន​។​ ​យាន​ជំនិះ​ដែល​ប្រើ​ឥន្ធនៈ​ហ្វូស៊ីល ​​គឺ​ជា​ប្រភព​សំខាន់មួយ​​នៃ​ N₂O ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស​ និង​ប្រភព​ទឹក​។​ ​

អ្នក​គ្រប់​គ្រង​ទីភ្នាក់ងារ​ NOAA លោក​​ Rick Spinrad ​បាន​និយាយ​ថា​​ ៖ «​ការ​សង្កេត​របស់​អ្នក​​វិទ្យាសាស្ត្រ​ NOAA​ ក្នុង​ឆ្នាំ​ ២០២២​ ​បង្ហាញ​ថា​ ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បន្ត​កើន​ឡើង​ក្នុង​ល្បឿន​គួរ​ឱ្យ​ព្រួយ​បារម្ភ ​ដែល​វា​នឹង​ធ្វើ​ឱ្យ​វា​ដក់​ជាប់​ក្នុង​ស្រទាប់​បរិយាកាស​ផែន​ដី​រាប់​ពាន់​ឆ្នាំ​»។

លោក​បន្ត​ថា ​៖ «​​ពេល​នេះ​ដល់​ពេល​ដែល​ត្រូវ​ដោះ​ស្រាយ​ការ​​បំពុល​ដោយ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​កាត់​ប​ន្ថ​យ​ការ​បំភាយ​ឧស្ម័ន​ ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ ស្រប​ពេល​ដែល​យើង​​បន្ត​កសាង​ឆ្ពោះ​ទៅ​រក​ប្រទេស​ ​ដែ​ល​ត្រៀម​រួច​រាល់​ទប់​ទល់​នឹង​​អាកាសធាតុ​»​​។

គួរ​រំឭក​ថា​ អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​អំពី​ផល​វិបាក​ដ៏​មហន្តរាយ​នៃ​បញ្ហា​អាកាស​ធាតុ​អស់​ជា​ច្រើន​ទស​វ​ត្សរ៍​មក​ហើយ ​ប៉ុន្តែ​សកម្មភាព​អាកាស​ធាតុ​​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ និង​ស​ក​ម្មភាព​មនុស្ស​​បង្ក​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ទៀត​ នៅ​តែ​មាន​កម្រិត​ ដែល​នេះ​ជា​បញ្ហា​​សំខាន់​ត្រូវ​ដោះ​ស្រាយ​៕

 ដោយ៖ហួន ឌីណា

ads banner