ឥណ្ឌូណេស៊ីនឹងនាំចូលអង្ករពីរលានតោនពីក្រៅប្រទេស ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីនឹងនាំចូលអង្ករចំនួនពីរលានតោនពីក្រៅប្រទេសនៅចុងឆ្នាំ ២០២៣នេះ ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួតដែលនឹងកើតឡើងដោយសារឥទ្ធិពលរលកកម្តៅ El Nino។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយបន្ទាប់ពីដាំស្រូវនៅខេត្តជ្វាខាងកើតថា ការនាំចូលអង្ករមានគោលបំណងរក្សាឃ្លាំងស្តុកអង្កររបស់ទីភ្នាក់ងារភ័ស្តុភាររដ្ឋ និងរក្សាស្ថិរភាពតម្លៃក្នុងស្រុក ពីព្រោះរលកកម្តៅ El Nino នឹងបង្កឱ្យមានគ្រោះរាំងស្ងួតអូសបន្លាយ ជាពិសេសក៏ប៉ះពាល់ដល់ផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ។

ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី លោក អារីហ្វ ប្រាសេតយ៉ូ បាននិយាយថា ការនាំចូលអង្ករលើកដំបូង នឹងមានចំនួនរហូតដល់ ៥០០,០០០តោន ហើយនឹងត្រូវបញ្ជូនមកកាន់ប្រទេសឥណ្ឌូណេស៊ី ឱ្យបានឆាប់តាមដែលអាចធ្វើបាន។

លោក ប្រាសេតយ៉ូ បន្ថែមថា ការប្រមូលផលស្រូវចាប់ពីខែមីនា ដល់ខែឧសភាឆ្នាំនេះ គឺជារឿងអាទិភាពមួយសម្រាប់ការផ្គត់ផ្គង់ស្រូវ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាជនជាង ២៧០លាននាក់នោះទេ។
សូមរម្លឹកថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ (ឥណ្ឌូណេស៊ី) បាននាំចូលអង្ករប្រមាណ ៤០0,០០០តោនក្នុងឆ្នាំ ២០២១ និង ៣២០,០០០តោនក្នុងឆ្នាំ ២០២២។ នេះបើតាមស្ថិតិរបស់ប្រទេសឥណ្ឌូណេស៊ី៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា
