ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋ ពីជំងឺកូវីដ១៩ ជំងឺផ្ដាសាយបក្សី និងការពុលចំណីអាហារ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ក្រសួងសុខាភិបាលកាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំក្រើនរំឮកមួយដល់ប្រជាពលរដ្ឋ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ ជំងឺផ្ដាសាយបក្សី និងការបង្កាការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមរយៈសេចក្តីណែនាំនោះក្រសួងសុខាភិបាលបាន ធ្វើការក្រើនរំឮកថា បើទោះបីជាការគ្រប់គ្រងស្ថានភាពឆ្លងរាលដាលនៃវីរុសកូវីដ១៩ បានល្អប្រសើរ ហើយប្រជាជនកម្ពុជាបាន និងកំពុងរៀនរស់នៅជាធម្មតាតាមគន្លងប្រក្រតីភាពថ្មីក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន ដោយបន្តការការពារខ្លួន ជ្រើសរើសវិធាន ការការពារ “៣ការពារ និង៣កុំ” អនុវត្តទៅតាមការជាក់ស្ដែង និងទៅតាមការវាយតម្លៃនៃស្ថានភាព ហើយត្រូវប្រាកដថា ពលរដ្ឋគ្រប់រូប បានចាក់វ៉ាក់សាំងកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល បានត្រឹមត្រូវទាំងដូសមូលដ្ឋាន និងដូសជំរុញ។ សេចក្តីណែនាំបញ្ជាក់ទៀតថា ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការទិញទំនិញ និងការចរាចរនូវបសុ បក្សីជាច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្ស
បានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការការពារបានត្រឹមត្រូវទេនោះ។ ទន្ទឹមនេះ នឹងអាចមានការជួបជុំពិសារអាហារ ជុំគ្ន ច្រើន ឬក្នុងទ្រង់ទ្រាយធំ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ក៏តែងតែសង្កេតឃើញកើតមាន ឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួនក្នុងប្រទេសផងដែរ។ ដូច្នេះ សូមបងប្អូនយើងទាំងអស់គ្នា ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ខ្ពស់ ដោយបុគ្គលម្នាក់ៗត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារសុខភាពពីការចម្លងវីរុសកូវីដ១៩ ការពារជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬ ពុលស្រាស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ជាពិសេសនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានស្នើដល់អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្ត វិធានការការពារ នៅតាមកសិដ្ឋាន ទីផ្សារលក់បសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្តាសាយបក្សីក្នុងសហគមន៍របស់ខ្លួន។
ជាពិសេស ត្រូវចាត់ចែងការត្រួតពិនិត្យ ចំពោះ វិធានការ “៣ការពារ ៣កុំ និងវិធានការសុវត្ថិភាពចំណីអាហារ”ត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយ។
ក្រសួងសង្កត់ធ្ងន់ថា៖« ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយមិនគោរពតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ ម្យ៉ាងវិញទៀត ពលរដ្ឋត្រូវចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលយើងមិន បានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕
ដោយ៖វណ្ណ សុជាតា