បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបដិសេធការចោទប្រកាន់ក្រុមប្រឆាំង ជុំវិញការរៀបចំចាត់តាំង ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស (Video Inside)
បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបដិសេធជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំង ដែលនិយាយថាការរៀបចំចាត់តាំងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺដើម្បីបំបែកសហគមន៍។
ក្នុងប្រសាសន៍ថ្លែងមួយនាចុងសប្តាហ៍នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការរៀបចំចាត់តាំងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺតែងប្រកាន់នូវគោលការណ៍សច្ចធម៌ អហិង្សា សាមគ្គីភាព និងការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ។
មន្ត្រីគណបក្សប្រជាជនកម្ពុជាបានថ្លែងថាគណបក្សប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គឺជាស្នូលដឹកនាំ, ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ដែលបានដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គស្មុគស្មាញ និងការលំបាករាប់សែន រាប់លានជំពូក តស៊ូប្តូរផ្តាច់ប្រកបដោយគតិបណ្ឌិត និងអង់អាចបំផុត ។
ការលើកឡើងចោទប្រកាន់របស់ក្រុមប្រឆាំងក្នុងបំណងចង់បំបែកបំបាក់រវាងខ្មែរ និងខ្មែរ និងការប៉ុនប៉ងរកសម្ពាធពីបរទេស ដើម្បីដាក់ការគាបសង្កត់មកលើប្រទេសកម្ពុជានោះ នឹងមិនអាចមានឥទ្ធិពលមកលើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងប្រទេសបានឡើយ។