ប្រមុខការទូត៖ ជប៉ុនបានត្រៀមខ្លួនក្នុងការបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០រូប ដើម្បីមកជួយកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២

ភ្នំពែញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសជប៉ុនបានត្រៀមខ្លួនក្នុងការបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០រូប ដើម្បីមកជួយកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២លានយ៉េន (ប្រមាណ១៨,២៤លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជឿជាក់ថា ការគាំទ្រនេះនឹងចូលរួមចំណែកដល់ភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្ដ ដូចគ្នានឹងស្មារតីនៃការចូលរួមចំណែករបស់ប្រទេសជប៉ុន ចំពោះកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន នាឆ្នាំមុន៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner