រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២ លានយ៉េន
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២លានយ៉េន (ប្រមាណ១៨,២៤លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុននាពេលនេះ គឺមានទឹកប្រាក់ចំនួន២.៤៨២ លានយ៉េន (ប្រមាណ១៨,២៤ លានដុល្លារអាមេរិក)។ ជាច្រើនឆ្នាំកន្លងមក ភាគីកម្ពុជា និងភាគីជប៉ុន បានចុះហត្ថលេខាលើឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន៥.៦០៦ លានយ៉េន (ប្រមាណ ៥៤លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងនេះ ក្នុងដំណាក់កាលទី១ ក្នុងគោលបំណងផ្តល់នូវស្ថិរភាពនៃប្រព័ន្ធស្រោចស្រព នៅតាមបណ្តាខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា ដោយកម្ពុជានៅបន្តពឹងផ្អែកលើវិស័យកសិកម្ម បរិមាណទឹកភ្លៀងដែលអាចព្យាករណ៍បាន មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យកសិកម្ម។ ជាច្រើនឆ្នាំមកនេះ លំនាំអាកាសធាតុកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង និងប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍កសិកម្មរបស់យើង។ គម្រោងនេះ គឺទាន់ពេលវេលា និងពាក់ព័ន្ធយ៉ាងខ្លាំង ព្រោះវានឹងបន្តស្តារ និងកែលម្អប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធរំដោះទឹក របស់យើងដែលមានស្រាប់ ហើយនឹងនាំឱ្យមានកំណើននៃផលិតកម្មកសិកម្មរបស់យើង ក៏ដូចជា លើកកម្ពស់ជីវភាពរបស់ប្រជាកសិករយើងផងដែរ។ ខ្ញុំមានជំនឿថា ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពន្លឿនការរៀបចំបែបបទលទ្ធកម្មចាំបាច់ ដើម្បីអនុវត្តគម្រោងដំណាក់កាលទីពីរនេះយ៉ាងហ្មត់ចត់។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឆ្លៀតយកឱកាសនេះ ដើម្បីសម្តែង ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវកតញ្ញុតាធម៌យ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តគាំទ្រដល់ប្រទេសកម្ពុជាលើវិស័យផ្សេងៗ។ ជាការរំលឹកឡើងវិញ សូមទទួលស្គាល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ដែលបានផ្តល់មកកម្ពុជាជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីថ្ងៃ ដែលកម្ពុជាបានរកឃើញនូវសន្តិភាព បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជំនួយរបស់ជប៉ុន បានគ្របដណ្តប់គ្រប់ជ្រុងជ្រោយ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹក ការបោសសម្អាតមីនជាដើម។ ការរួមចំណែករបស់ជំនួយរបស់ជប៉ុន ចំពោះការអភិវឌ្ឍធនធាន មនុស្ស និងសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានមើលឃើញជាក់ស្តែងនិងយ៉ាងច្បាស់។ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំ និងសង្គតិភាព គឺជាការធានាដ៏ប្រសើរបំផុត ក្នុងការថែរក្សាសន្តិភាពដែលរកបានដោយលំបាក។ ផ្អែកតាមបទពិសោធន៍ផ្ទាល់របស់កម្ពុជា សន្តិភាពមានតម្លៃខ្លាំងណាស់។ ការបន្តគាំទ្ររបស់ប្រទេសជប៉ុន ដើម្បីសម្រេចគោលដៅនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការរួមគ្នានៃទស្សនៈ ហើយយើងខ្ញុំសូមអរគុណឯកឧត្តម ចំពោះការបន្តគាំទ្រនេះ។

ក្នុងឆ្នាំនេះ ប្រទេសកម្ពុជានិងជប៉ុន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានលើកដំឡើងកម្រិតខ្ពស់បំផុត នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នាដើមឆ្នាំនេះ ខ្ញុំបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងជួបពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តមរដ្ឋមន្រ្ដីការបរទេសជប៉ុន HA YA SHI Yoshimasa ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនបានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចុះហត្ថលេខាជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លើឯកសារពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន។ កម្ពុជា ក៏បានស្វាគមន៍ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងខែមីនា ឆ្នាំនេះផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ