សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ជាលើកទី១៥ ជូនជនមានពិការភាព នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយក អំណោយមនុស្សធម៌ជាលើកទី១៥ និងរៀបចំអាហារសាមគ្គី ដល់ជនមានពិការភាពចំនួន ៤៧៥នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ )កម្ពុជា ស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។

ក្នុងពិធីសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ បានលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែង លើកគុណតម្លៃផ្ទាល់ខ្លួន តាមរយៈការប្រព្រឹត្តនូវអំពើល្អ ឬអំពើទាំងឡាយណាដែលជាគុណប្រយោជន៍របស់សង្គមជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។

លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ហើយដែលសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់នៃការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមកម្ពុជា ដល់សមាគមតន្ត្រីសំនៀងជនពិការ ចាប់តាំងពីឆ្នាំ២០១៤រៀងមក ដែលរួមមានការឧបត្ថម្ភជាស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកាសម្រាប់សាងសង់អគារស្នាក់នៅ និងការគាំទ្រខាងផ្លូវចិត្តជាដើម បានឆ្លុះបញ្ចាំងពីបរិយាបន្នសង្គម គឺធ្វើយ៉ាងណាឱ្យជនមានពិការភាពទាំងនេះ ទទួលបាននូវការគោរព ទទួលបានសិទ្ធិសេរីភាពក្នុងការរស់នៅ ហើយទទួលបាននូវផលដែលជាចំណែកនៃការអភិវឌ្ឍ និងសុខសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែទទួលផ្លែផ្កានាពេលនេះ និងពេលអនាគត ។

លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ លោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីការរស់នៅ បានបញ្ចប់នូវការលំបាកដល់ជនដែលមានពិការភាពភ្នែកនៃសមាគមតន្ត្រីសំនៀងជនពិការ ឱ្យកូនក្មួយមានអគារស្នាក់នៅ មានគ្រែគេងស្អាត មានផ្លូវថ្នល់ចេញចូល មានសិទ្ធិសេរីភាពពេញលេញ មិនដើរជួលផ្ទះ មិនដើរសុំទានគេ មិនដើរច្រៀងតាមចិញ្ចើមថ្នល់ ជាពិសេសបានផ្តល់កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពជនមានពិការភាពដូចពេលនេះ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) លើកទី ១៥នេះ រួមមាន ៖ អង្ករ ២តោន, មី ៥០កេស, ត្រីខ ៥០០កំប៉ុង, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ទឹកសុទ្ធ ៣០កេស, ទឹកក្រូច ៣០កេស, សាប៊ូដុសខ្លួន ២៥កេស, អាហារសាមគ្គី ១ពេល និងថវិកាចំនួន ១០លានរៀល ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner